ដើម្បីឱ្យពិធីដង្ហែសពលោកគង់សំអុល ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សមត្ថកិច្ច បានបិទផ្លូវ បញ្ចៀសចរាចរ តាមតម្រាយផ្លូវដង្ហែសព នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញានេះ។
សាលារាជធានីភ្នំពេញ បានប្រកាសថា សពលោក គង់ សំអុល ដង្ហែចេញពីគេហដ្ឋានរបស់លោក នៅផ្លូវភ្លោះអូរឫស្សី ក្នុងរាជធានីភ្នំពេញ តាមរុក្ខវិថីសម្តេចប៉ាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម បត់ស្តាំ ឆ្ពោះទៅវង្វង់មូលវិមានឯករាជ្យ បត់ឆ្វេង តាមមហាវិថីព្រះសីហនុ រហូតដល់ស្តុបនាគបាញ់ទឹក បត់ឆ្វេង តាមមហាវិថីសម្តេចសុធារស បន្តឆ្លងកាត់មុខព្រះបរមរាជវាំង រហូតដល់ផ្លូវលេខ១៧៨ បត់ឆ្វេងទៅដល់មហាវិថីព្រះនរោត្តម។ ផ្លូវនៅមុខព្រះបរមរាជវាំង ត្រូវបានបិទ មិនឱ្យសាធារណជន ធ្វើចរាចរណ៍ឡើយ ចាប់តាំងពីការបោះឆ្នោត ឆ្នាំ២០១៣។
ពិធីដង្ហែសពលោក គង់ សំអុល ក៏បានហែតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង បត់ឆ្វេងតាមវិថីព្រះអង្គឌួង ឆ្ពោះទៅមហាវិថីសហព័ន្ធរុស្ស៊ី រហូតដល់ស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ រហូតដល់ទីតាំងប្រារព្ធ ពិធីបុណ្យបូជាសព នៅក្នុងវត្តជម្ពូវ័ន។
ថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា និងស្ថាប័នជាតិ ពិសេសនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាប្រមុខរដ្ឋស្តីទី បានអញ្ជើញចូលរួមក្នុងពិធីបូជាសពលោកគង់សំអុល នាព្រឹកថ្ងៃទី៦ ខែកញ្ញានេះផងដែរ។
លោក គង់ សំអុល បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
នៅថ្ងៃទី២ ខែកញ្ញា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលកំពុងគង់ប្រថាប់ នៅប្រទេសចិន ជាមួយព្រះរាជមាតា ដើម្បីឱ្យគ្រូពេទ្យចិនពិនិត្យព្រះរាជសុខភាព បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់គោរមងារ និងតែងតាំងកូនស្រីរបស់លោកគង់សំអុល គឺលោកស្រី គង់ បញ្ញា ជា «លោកអ្នកឧកញ៉ា មហាភក្តី» និងជាទេសរដ្ឋមន្ត្រី អមព្រះបរមរាជវាំង។
ចំពោះលោក គុយ សុផល ដែលជារដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ផ្តល់គោមរងារជា «សម្តេច មហាមន្ត្រី» និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជំនួសលោក គង់ សំអុល ដែលបានកាន់តំណែងនេះ ចាប់តាំងពីឆ្នាំ១៩៩៨ ជំនាន់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ៕