រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា ណែនាំអភិបាលខេត្តរាជធានី ចាត់វិធានការទប់ទល់នឹងគម្រោងធ្វើបាតុកម្ម ថ្ងៃទី១៨សីហា

Sar Sokha -by General Department of Digital Technology and Media.jpg

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ

ក្រោយក្រុមយុវជនខ្មែរមួយចំនួន ប្រមូលផ្តុំធ្វើបាតុកម្ម នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ រួចមក ក៏មានដំណឹងផ្សាយតៗគ្នាថា ក្រុមអ្នកប្រឆាំង នឹងប្រមូលផ្តុំគ្នា ធ្វើបាតុកម្ម នៅប្រទេសកម្ពុជា ពិសេសនៅភ្នំពេញ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។


ទាំងបាតុកម្មរបស់យុវជនខ្មែរមួយចំនួន នៅកូរ៉េខាងត្បូង និងទាំងគម្រោងធ្វើបាតុកម្ម នៅថ្ងៃទី១៨ ខែសីហាខាងមុខនេះ នៅកម្ពុជា គឺដើម្បីប្រឆាំងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម CLV។

ចំពោះផែនការធ្វើបាតុកម្ម ថ្ងៃទី១៨សីហានេះ ត្រូវបានលោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ បានចេញសារជាសំឡេង ណែនាំទៅកាន់អភិបាលខេត្តរាជធានីទូទាំងប្រទេស ត្រូវចាត់វិធានការទប់ទល់ ហើយក៏ត្រូវត្រៀមកម្លាំង ចាប់ពីពេលនេះ រហូតដល់ដាច់ខែសីហា ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ពិសេសយុវជន មានការជួបជុំធ្វើបាតុកម្ម ឬក៏ការធ្វើដំណើរប្រមូលផ្តុំពីបណ្តាខេត្ត ចូលមកកាន់រាជធានីភ្នំពេញឡើយ។

( សំឡេង )

សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសារជាសំឡេង ដែលលោក បាននិយាយក្នុងក្រុមតេឡេក្រាម របស់ក្រុមយុវជន ដែលធ្វើបាតុកម្ម នៅប្រទេសកូរ៉េខាងត្បូង។ ក្នុងសារជាសំឡេងច្រើនខ្លីប សរុបរយៈពេលជិត ១ម៉ោងនោះ ក្រៅពីពន្យល់បន្ថែមពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម CLV លោក ហ៊ុន សែន ក៏បានបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណា ដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្ម ឬបាតុកម្មដោយខុសច្បាប់ នៅកម្ពុជា។

( សំឡេង )

ជាមួយគ្នានេះ លោក ហ៊ុន សែន ដែលទោះបីជាផ្ទេរអំណាចទៅឱ្យកូន ឡើងធ្វើជានាយករដ្ឋមន្ត្រី តែលោក នៅតែជាមេដឹកនាំ ដែលមានអំណាចកំពូល នៅកម្ពុជា ក៏បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលមានលោក ជាប្រធាន ត្រូវមានការទទួលខុសត្រូវ ចំពោះពលរដ្ឋរបស់ខ្លួន ដែលខ្លួនបានសន្យាស្ដីពី ការការពារនូវសន្ដិភាព ស្ថិរភាពខាងនយោបាយ និងសេចក្ដីសុខជូនប្រជាជន។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល ក៏ដូចជា លោក ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម CLV ដែលបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៩ គឺមិនមែនជាការធ្វើឱ្យបាត់បង់ទឹកដី ទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ។ គម្រោងអភិវឌ្ឍនៅព្រំដែនប្រទេសទាំង ៣នេះ ក៏មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ។ ក្នុងនោះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម CLV ក៏មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរ គ្រប់គ្រងដោយខ្មែរ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម CLV គឺជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅ ជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួនរបស់កម្ពុជា គឺខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី ទៅជាតំបន់មានសុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ក្លាយពីតំបន់ស្ងាត់ជ្រងំក្រីក្រ ទៅជាតំបន់ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ និងផ្ដល់ជំនួយតាមយន្តការនានា។ ព្រមទាំងប្រែក្លាយខេត្តជាប់ព្រំដែនទាំង ៤របស់កម្ពុជា ជាតំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវទឹក បណ្ដាញអគ្គិសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ និងសង្គមផ្សេងៗទៀត ជាដើម៕


Share