ឧទ្ធម្ភាគចក្រយោធា និងអាកាសយានិក ២នាក់ បាត់ខ្លួន នៅតំបន់ជួរភ្នំក្រវ៉ាញ នៅ​មិនទាន់មានដំណឹង

Military excercise in Cambodia

Credit: Meng Phalla

រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ គឺមានរយៈពេល ៤ថ្ងៃហើយ ដែលឧទ្ធម្ភាគចក្រយោធា ១គ្រឿង និងអាកាសយានិក ជាកងទ័ពអាកាស ២នាក់ បានបាត់ខ្លួន នៅតំបន់ជួរភ្នំក្រវ៉ាញ។ ក្នុងប្រតិបត្តិការរយៈពេល ៤ថ្ងៃមកនេះ កងទ័ពកម្ពុជារុករក មិនទាន់មានតម្រុយណាមួយ ជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ បាត់ខ្លួននោះនៅឡើយទេ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត។


អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ដែលបានបាត់ដំណឹង នៅតំបន់ជួរភ្នំក្រវ៉ាញ កាលពីថ្ងៃទី១២ ខែកក្កដានោះ គឺនៅពេលកងទ័ពអាកាស ហ្វឹកហ្វឺន ក្នុងរយៈចម្ងាយឆ្ងាយ ពីភ្នំពេញ ទៅកាន់ខេត្តកោះកុង និងត្រូវវិលត្រឡប់ពីខេត្តកោះកុង មកភ្នំពេញវិញ។

ក្រោយហេតុការណ៍បាត់ឧទ្ធម្ភាគចក្រនោះ កងកម្លាំងចម្រុះ បានបើកប្រតិបត្តិការយ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់ធំជាងមុន។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា ក្នុងប្រតិបត្តិការរយៈពេល ៤ថ្ងៃមកនេះ មិនទាន់មានតម្រុយណាមួយ ជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស ២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះនៅឡើយទេ ដោយសារតែកត្តាភូមិសាស្ត្រ នៅតំបន់នោះ មានភាពស្មុគស្មាញ ដូចជា បញ្ហាអាកាសធាតុ និងព្រៃក្រាស់ ជាដើម។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កងកម្លាំងយោធា នៅតែបន្តខិតខំ និងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការរករុក ហើយនឹងមានការជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាបន្តបន្ទាប់ នៅពេលទទួលបានលទ្ធផលណាមួយ។

លិខិតបញ្ជាបេសកកម្មរបស់កងទ័ពជើងអាកាសកម្ពុជា ស្តីពីផែនការហោះហើរ បានបង្ហាញថា យន្តហោះ ឧទ្ធម្ភាគចក្រ ដែលបាត់ខ្លួននោះ ជាប្រភេទ Z-9 លេខៈ MH 912។ ផ្លូវហោះ ពីភ្នំពេញ-ថ្មដា-ពោធិ៍សាត់-ភ្នំពេញ។ ភារកិច្ចហោះ គឺហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក។ ថ្ងៃហោះចេញ គឺថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១១ព្រឹក និងថ្ងៃត្រឡប់មកវិញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ២រសៀល។

លិខិតបញ្ជាបេសកកម្ម បង្ហាញថា ក្រុមហោះ មាន ២រូប គឺ១-ប្រធានក្រុម៖ ស៊ុន ផ្លា និង២-អាកាសយានិក៖ ខេង ឆៃយុទ្ធ៕


Share