ក្រោយពីអាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្តីពី ការធ្វើស្វ័យប្រកាសពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ឬប្រព័ន្ធសូឡារួចមក មានមតិលើកឡើងយ៉ាងច្រើន ពីសំណាក់សាធារណជន ពិសេសអ្នកលេងហ្វេសប៊ុក នៅកម្ពុជា។
អ្នកខ្លះបង្ហោះវិដេអូ ដោះផ្ទាំងសូឡាចេញពីដំបូលផ្ទះ ដោយអះអាងថា ខ្លាចគេយកពន្ធ និងខ្លះទៀតថា ខាងអគ្គិសនី ចង់គ្រប់គ្រងព្រះអាទិត្យ ជាដើម។
ក៏ប៉ុន្តែការរិះគន់ និងលើកឡើងខាងលើនេះ សុទ្ធតែមិនត្រូវ និងមិនយល់ពីអ្វី ដែលក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា EDC ចេញប្រកាសពាក់ព័ន្ធនឹងការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ នៅកម្ពុជា។
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដែលមិនភ្ជាប់ជាមួយបណ្តាញភ្លើងអគ្គិសនីរដ្ឋ ទោះមានទំហំ និងអនុភាពប៉ុណ្ណាក៏ដោយ គឺមិនចាំបាច់ប្រកាស និងរាយការណ៍នោះទេ។
( សំឡេង )
សូមបញ្ជាក់ថា ការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដែលប្រជាពលរដ្ឋ ប្រើប្រាស់ឧបករណ៍សូឡា ប្រើពន្លឺព្រះអាទិត្យ តាមបង្គោលអំពូលភ្លើង ម៉ាស៊ីនបូមទឹក ឆ្នាំងដាំបាយ ឬអំពូលបំភ្លឺតាមសួនច្បារ តាមផ្លូវ ជាដើម ដែលមិនតភ្ជាប់ជាមួយប្រព័ន្ធខ្សែភ្លើងរដ្ឋ EDC គឺមិនចាំបាច់ប្រកាស ឬចុះបញ្ជីនោះទេ។
ប៉ុន្តែកន្លងមកនេះ អ្នកលេងហ្វេសប៊ុក និង MMO មួយចំនួន ហាក់បានបំប៉ោងព័ត៌មាន និងរិះគន់តាមគ្នា លើវិធានការគ្រប់គ្រងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ឬសូឡា នៅកម្ពុជា បើទោះបីជាអ្នកជំនាញ ខិតខំពន្យល់ និងបកស្រាយយ៉ាងណាក៏ដោយ។
ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានតម្រូវឱ្យអ្នកដំឡើង និងប្រើប្រាស់ប្រព័ន្ធអគ្គិសនីសូឡា ពន្លឺព្រះអាទិត្យ ធំៗ នៅតាមរោងចក្រ ឧស្សាហកម្ម កន្លែងធ្វើការ សណ្ឋាគារ ឬអាគារធំៗ ហើយតបណ្តាញសូឡា ភ្ជាប់ជាមួយបណ្តាញភ្លើងអគ្គិសនីរដ្ឋ ត្រូវតែប្រកាសប្រាប់ EDC៕