ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសគាំទ្រ និងសម្តែងការត្រេកអរចំពោះរបាយការណ៍របស់វិទ្យាស្ថានសិក្សាស្រាវជ្រាវមួយរបស់អូស្រ្តាលី ដែលថា «កម្ពុជា មានភាពវិជ្ជមានច្រើនជាងបណ្ដាប្រទេសនានា ក្នុងតំបន់»។ វិទ្យាស្ថាននេះ បានធ្វើការស្ទង់មតិ ចំពោះអ្នកវិនិយោគនៅបរទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ( សំឡេង )
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិន គឺក្រុមហ៊ុន BYD គ្រោងនឹងមកបោះទុន បើកក្រុមហ៊ុនផលិតរថយន្ត នៅប្រទេសកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានចាត់ទុកការឈានជើងចូលរបស់ក្រុមហ៊ុន BYD គឺជាជោគជ័យមួយរបស់រាជរដ្ឋាភិបាល ដែលទាំងរូបលោកផ្ទាល់ និងមន្ត្រីរាជរដ្ឋាភិបាលផ្សេងៗទៀត ខិតខំ «ដើរទាក់ម៉ូយ» ឱ្យមកបោះទុនវិនិយោគ នៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនផលិតរថយន្តបរទេស រួមមាន ក្រុមហ៊ុនចិន BYD, ឡាន Ford របស់អាមេរិក និងក្រុមហ៊ុនឡាន Toyota របស់ជប៉ុន ព្រមទាំងក្រុមហ៊ុនឡាន ហ៊ីយ៉ាន់ដាយ របស់កូរ៉េខាងត្បូង មកបង្កើតរោងចក្រដំឡើង និងផលិតរថយន្ត នៅកម្ពុជា គឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចដ៏សំខាន់មួយ។ ក្នុងនោះ នៅពេលក្រុមហ៊ុនឡានធំៗទាំងនោះ មកបណ្តាក់ទុននៅកម្ពុជា នឹងអាចភ្ជាប់ទំនាក់ទំនងជាមួយសហគ្រាសធុនមធ្យម និងធុនតូចរបស់កម្ពុជា ដើម្បីផ្គត់ផ្គង់នូវសេវាកម្មផ្សេងៗ៕