បក្សប្រឆាំងថា ការចាប់ខ្លួន​លោក ស៊ុន ចន្ធី ជាការធ្វើទុក្ខបុកម្នេញ​ផ្នែកនយោបាយនៅកម្ពុជា

Sun Chanthy.jpg

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ

នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅថ្ងៃទី២៣ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដោយសារតែលោក បានផ្សាយព័ត៌មានមិនពិត បំភ្លៃការពិតលើគោលនយោបាយរដ្ឋាភិបាល ក្នុងគោលបំណងកេងចំណេញនយោបាយរបស់ខ្លួន បង្កភាពវឹកវរ នៅក្នុងសង្គម។


លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានស្នើទៅមិត្តបរទេសមួយចំនួន កុំគាំទ្របុគ្គល ដែលប្រព្រឹត្តខុសច្បាប់ និងត្រូវមើលថា តើបុគ្គលនោះ បានប្រព្រឹត្តកំហុសអ្វី ទើបឈានទៅដល់ការអនុវត្តច្បាប់?

លោក ហ៊ុន ម៉ាណែត៖ ( សំឡេង )

លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ការអនុវត្តច្បាប់ប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនេះ មិនមែនមានតែកម្ពុជាទេ ប្រទេសមួយចំនួន នៅលើពិភពលោក ដូចជា នៅឥណ្ឌា និងថៃជាដើមចាត់ទុកជាទោសព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដែលជាអតីតជំនួយការផ្ទាល់របស់លោកសមរង្ស៊ី ត្រូវបានប៉ូលិស ចាប់ខ្លួន តាមដីការបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺនៅពេលលោក ស៊ុន ចន្ធី ចុះពីយន្តហោះ វិលត្រឡប់មកពីប្រទេសជប៉ុន។

អំឡុងពេលជួបសកម្មជន និងថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ នៅប្រទេសជប៉ុន កាលពីដើមខែឧសភានេះ លោក ស៊ុន ចន្ធី បានថ្លែងចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជាថា ការចែកប័ណ្ណក្រីក្រ ជូនប្រជាពលរដ្ឋ មានការលម្អៀង និងរើសអើង ដែលរាជរដ្ឋាភិបាល ចាត់ទុកថា ជាចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋ មានការយល់ច្រឡំ ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

ក៏ប៉ុន្តែក្នុងរឿងនេះ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍ ដោយចាត់ទុកការចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ គឺជាការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយ មកលើគណបក្សកម្លាំងជាតិ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ដំណើរលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ នាពេលខាងមុខនេះ។

គណបក្សកម្លាំងជាតិ បានប្រកាសថា នៅក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ គណបក្សកម្លាំងជាតិ នឹងជួបជុំនៅទីលានប្រជាធិបតេយ្យ ដើម្បីធ្វើការសម្តែងមតិដោយសន្តិវិធី ទាមទារឱ្យដោះលែងលោក ស៊ុន ចន្ធី ឱ្យមានសេរីភាពឡើងវិញ៕


Share