ស្តេចប្រដាល់ហ្វីលីពីន លោក ម៉ានី ប៉ាគីអាវ មក​កម្ពុជាជាលើកទីពីរ

Boxer Manny Pacquiao and PM Hun Manet.jpg

ស្តេចប្រដាល់ហ្វីលីពីន លោក ម៉ានី ប៉ាគីអាវ និងនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត

កំពូលកីឡាករប្រដាល់កម្រិតពិភពលោក របស់ហ្វីលីពីន និងជាអតីតសមាជិកព្រឹទ្ធសភាហ្វីលីពីន លោក ម៉ានី ប៉ាគីអាវ ( Manny Pacquiao ) បានមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ហើយកាលពីថ្ងៃរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា លោក ម៉ានី ប៉ាគីអាវ បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមាន ៧មករា ដែលជាទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស។


លោក ម៉ានី ប៉ាគីអាវ បានសម្តែងនូវក្តីរីករាយ ដែលលោក បានចូលរួមជាមួយកម្ពុជា ក្នុងការចែករំលែកនូវបទពិសោធន៍របស់លោក ពាក់ព័ន្ធនឹងវិស័យកីឡាប្រដាល់។

លោក ប៉ាគីអាវ ក៏បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា កីឡាប្រដាល់ គឺប្រភេទកីឡាមួយ ដែលមានលក្ខណៈពិសេស និងលំបាក ដែលទាមទារនូវការហ្វឹកហាត់ខ្លាំងក្លា វិន័យខ្ពស់ ជាមួយនឹងការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ ដើម្បីអាចកសាងបាននូវអាជីពជាកីឡាករប្រដាល់ ដែលមានកេរ្តិ៍ឈ្មោះល្បី។

លោក ប៉ាគីអាវ បានបន្ថែមថា លោកនឹងចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ ដែលជាផ្នែកមួយនៃកីឡាប្រដាល់ ហើយលោកក៏នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗរបស់កម្ពុជា អំពីស្មារតីនៃកីឡាប្រដាល់ ក៏ដូចជា ចែករំលែកពីបទពិសោធន៍ដ៏ច្រើន ដែលលោកបានឆ្លងកាត់ក្នុងជីវិតជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោក ជាមួយនឹងការប្រកួតជាច្រើនកម្រិត និងច្រើនប្រភេទទម្ងន់ផ្សេងៗ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ប៉ាគីអាវ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាលើកទី២ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទីមួយ នៅឆ្នាំ២០១៦ ដែលពេលនោះ លោកបានអមដំណើរលោក Rodrigo Duterte ប្រធានាធិបតី ហ្វីលីពីន អំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ ក្នុងនាមជាកីឡាករប្រដាល់ដ៏ល្បីល្បាញ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបបានស្គាល់ នឹងចូលរួមចំណែក ក្នុងការលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ហ្វីលីពីន តាមរយៈការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕


Share