គួរជម្រាបថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំកិច្ចប្រជុំដំបូង កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ទោះបីជាមានកិច្ចប្រជុំសរុបចំនួន ១៥លើក តែភាគីពាក់ព័ន្ធ មិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិត បានលើកនូវតួលេខចំនួន ២ផ្សេងគ្នា គឺតួលេខ ២០៨ដុល្លារអាម៉េរិក និង ២១៤ដុល្លារអាម៉េរិក, ខណៈតំណាងភាគីនិយោជក បានលើកនូវតួលេខចំនួន ២០៦ដុល្លារអាម៉េរិក ជាតួលេខចុងក្រោយ។
ឈរលើលទ្ធផលនៃការបោះឆ្នោតនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកំណត់តួលេខ ២០៦ដុល្លារអាម៉េរិកក្នុងមួយខែ ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគោរពរាយការណ៍ជូនរាជរដ្ឋាភិបាល ពិនិត្យ និងផ្តល់អនុសាសន៍បន្ត ស្របតាមមាត្រា១៣ នៃច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា។
ភ្លាមៗនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានសម្រេចផ្ដល់ជូន ២ដុល្លារអាម៉េរិកថែមទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត នៅកម្ពុជា សម្រាប់ឆ្នាំ២០២៥ កើនដល់ ២០៨ដុល្លារអាម៉េរិកក្នុងមួយខែ។
បន្ទាប់ពីកិច្ចប្រជុំ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដឹកនាំកិច្ចប្រជុំចរចាដំឡើងប្រាក់ខែកម្មករកាត់ដេរ បានថ្លែងដូច្នេះថា៖
( សំឡេង )
ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា នឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយ របស់បងប្អូនកម្មករនិយោជិត។ ជាមួយគ្នានេះដែល តំណាងភាគីកម្មករនិយោជិតបានគោរពស្នើសុំនូវសំណូមពរចំនួន ៧ ចំណុច និងតំណាងភាគីនិយោជក បានគោរពស្នើសុំនូវសំណូមពរចំនួន ២ ចំណុច ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យដោះស្រាយ។
នៅរសៀលថ្ងៃទី១៩ ខែកញ្ញា តាមបណ្តាញសង្គម លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាល មិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិតនៃយើង។
លោកនាយករដ្ឋមន្ត្រី បន្តថា ក្នុងឆ្នាំ២០២៤នេះ ប្រទេសជាច្រើន នៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាទេ ដោយសារស្ថានភាពសេដ្ឋកិច្ច មិនទាន់ល្អប្រសើរ ហើយប្រាក់ឈ្នួលអប្បបរមា ដែលគិតជាប្រាក់ដុល្លារអាមេរិកនៃប្រទេសមួយចំនួន មិនត្រឹមតែមិនកើនទេ គឺថែមទាំងថយទាបជាងចុងឆ្នាំ២០២៣ ទៅវិញ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃប្រទេសទាំងនោះ។
ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលកម្មករកាត់ដេរ នៅឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា លោកនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត៕