ចំណែករាជធានី ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេ ក្នុងពេលចូលឆ្នាំនេះ រួមមាន៖ ខេត្តកំពង់ចាម ជាង ៥លាន ៣៤ម៉ឺននាក់។ ខេត្តព្រៃវែង ជាង ២លាន ២៩ម៉ឺននាក់។ ខេត្តកំពង់ស្ពឺ ជាង ២លាន ១០ម៉ឺននាក់។ បាត់ដំបង ជាង ១លាន ៧៣ម៉ឺននាក់ និងខេត្តកំពត មានជាង ១លាន ៤០ម៉ឺននាក់។
ចំនួនអ្នកទេសចរដើរលេងកម្សាន្ត ពេលចូលឆ្នាំច្រើន រហូតដល់ជាង ២១លាននាក់ ខណៈដែលពលរដ្ឋខ្មែរសរុប មានប្រមាណតែ ១៦លាន ទៅ ១៧លាននាក់ប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានបញ្ជាក់ថា ទេសចរ ២១លាននាក់នេះ គឺគេរាប់ចំនួន ដែលមនុស្សដដែលៗនោះ បានធ្វើដំណើរកម្សាន្តច្រើនដង វិលជុំចុះឡើងៗ ចេញពីគោលដៅមួយ ទៅគោលដៅមួយ ក្នុងរយៈពេលចូលឆ្នាំ ៤ថ្ងៃនេះ។
លោក តុប សុភ័ក៖ ( សំឡេង )
យ៉ាងណាក៏ដោយ ក្រសួងទេសចរណ៍ បានកំណត់សំគាល់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៤ នេះ ប្រជាពលរដ្ឋដើរលេងកម្សាន្ត ក្នុងក្របខណ្ឌទូទាំងប្រទេស កើនឡើងច្រើន បើធៀបនឹងពេលចូលឆ្នាំ កាលពីឆ្នាំមុន។ ក្នុងពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំមុន ប្រជាពលរដ្ឋ ដើរលេងកម្សាន្ត ទូទាំងប្រទេសកម្ពុជា មានប្រមាណតែ ១៣លាន ១៣ម៉ឺននាក់ប៉ុណ្ណោះ។
ចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា ក្នុងពេលចូលឆ្នាំកន្លងមកនេះ ត្រូវបានក្រសួងទេសចរណ៍ ប្រកាសថា មានភាពល្អប្រសើរច្រើន បើទោះបីមានបញ្ហាចោទឡើងតិចតួច ខណៈដែលកម្លាំងមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានអនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក៏ប៉ុន្តែអំឡុងពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំនេះ នៅកម្ពុជា កើតមានគ្រោះថ្នាក់ចរាចរណ៍ ៦០លើក បណ្តាលឱ្យស្លាប់ ៣៩នាក់ និង ៩៦នាក់ទៀត រងរបួស។
នៅក្នុងពិធីបុណ្យចូលឆ្នាំ ឆ្នាំនេះ នៅទូទាំងប្រទេសកម្ពុជា ក៏កើតមានគ្រោះអគ្គិភ័យ ចំនួន ២០លើក បណ្តាលឱ្យឆេះផ្ទះ ១៥ខ្នង ឆេះឡាន ១០គ្រឿង និងឆេះព្រៃ ២១ហិកតា។ បើធៀបនឹងឆ្នាំ២០២៣ គ្រោះអគ្គិភ័យ នៅពេលចូលឆ្នាំ ឆ្នាំនេះ កើនឡើង ៥លើក៕