នាយករដ្ឋមន្រ្តី​កម្ពុជា​ប្រកាស​ថា គម្រោង​ព្រែកជីកហ្វូណន-តេជោ នឹងបើកការដ្ឋាន​សាងសង់ ក្នុង​ខែ​សីហា

FunonCanelProject.jpg

គម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ

នាព្រឹកថ្ងៃទី៣០ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា គម្រោងព្រែកជីកហ្វូណន-តេជោ ដែលតភ្ជាប់ផ្លូវទឹក ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ប្រវែង ១៨០គីឡូម៉ែត្រ ពីខេត្តកណ្តាល ទៅកាន់ខេត្តកែប នឹងបើកការដ្ឋានសាងសង់ក្នុងខែសីហាខាងមុខនេះ។


លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងចំណាយទុនសាងសង់ ប្រមាណ ១៧០០លានដុល្លារអាមេរិក ក៏នឹងមានភាគហ៊ុនរបស់អ្នកវិនិយោគខ្មែរ ចូលរួមផងដែរ។

លោក ហ៊ុន ម៉ាណែត៖ ( សំឡេង )

សូមរម្លឹកថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្នុងជំនាន់លោក ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០២៣ បានសម្រេចប្រគល់ឱ្យក្រុមហ៊ុនចិន វិនិយោគ។ ប៉ុន្តែប៉ុន្មានខែមកនេះ ត្រូវបានវៀតណាម ប្រឆាំងជំទាស់។ វៀតណាម ដែលពេលនេះ ជាសម្ព័ន្ធមិត្តរបស់អាមេរិក បានលើកយកបញ្ហាប៉ះពាល់ដល់បរិស្ថាន ទឹកទន្លេមេគង្គ និងបញ្ហាភូមិសាស្ត្រនយោបាយ ដែលវៀតណាមថា ព្រែកជីកថ្មីនេះ នឹងក្លាយជាផ្លូវយុទ្ធសាស្ត្រសម្រាប់កងទ័ពចិន ចូលក្នុងប្រទេសកម្ពុជា ខណៈដែលចិន បានជួយសាងសង់មូលដ្ឋានកងទ័ពជើងទឹកកម្ពុជា នៅរាម ក្នុងខេត្តព្រះសីហនុ រួចរាល់ហើយ សព្វថ្ងៃ។

យ៉ាងណាក៏ដោយ កម្ពុជា បានបដិសេធនូវការលើកឡើង និងការប្រឆាំងជំទាស់ទាំងនេះ។ តាមរយៈលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច កម្ពុជា បានអះអាងថា ព្រែកជីកថ្មីនេះ សម្រាប់ពង្រឹងឯករាជ្យភាពរបស់កម្ពុជា ក្នុងការដឹកជញ្ជូនផ្លូវទឹកផង និងដើម្បីឯករាជ្យនយោបាយរបស់កម្ពុជា ពីប្រទេសវៀតណាមផងដែរ។ សព្វថ្ងៃ ទំនិញកម្ពុជា ត្រូវដឹកតាមទន្លេមេគង្គ ដោយឆ្លងកាត់ប្រទេសវៀតណាម នៅអតីតដែនដីកម្ពុជាក្រោម៕


Share