លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ដែលជាស្ថាប័នរៀបចំដំណើរកម្សាន្តនេះ បានលើកឡើងថា មួយថ្ងៃមុននឹងចេញដំណើរទស្សនកិច្ចទិសឦសាន លើកទី១នេះ ពោលគឺនៅថ្ងៃសុក្រ ទី៦ ខែកញ្ញា ក្រុមការងារ នឹងអញ្ជើញអ្នកចូលរួម ដើម្បីស្តាប់ការធ្វើបទបង្ហាញ និងផ្តល់ព័ត៌មានលម្អិតពីមន្ត្រីជំនាញ។
( សំឡេង )
យ៉ាងណាក៏ដោយ ចំពោះដំណើរទស្សនកិច្ចនៅខេត្តជាប់ព្រំដែនវៀតណាម និងប្រទេសឡាវ ត្រូវបានក្រសួងព័ត៌មាន ប្រកាសថា នៅពេលចាប់ផ្តើមដំបូងនេះ គឺការធ្វើដំណើរ ត្រឹមតែ ១ថ្ងៃ វិលល្ងាចប៉ុណ្ណោះ ហើយនៅពេលទៅកាន់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ទើបក្រុមការងារ រៀបចំរយៈពេល ២ថ្ងៃ ១យប់។ ការធ្វើដំណើរ តាមរយៈឡានក្រុង ដោយមួយលើកៗ ត្រឹមតែ ២០០នាក់ប៉ុណ្ណោះ។
ចំពោះដំណើរទស្សនកិច្ចទៅកាន់ខេត្តភាគឦសាននេះ ត្រូវបានអ្នកស្រាវជ្រាវសង្គមនយោបាយ ស្នើឲ្យរាជរដ្ឋាភិបាល រៀបចំអ្នកជំនាញ ទៅជាមួយមហាជន ដើម្បីពន្យល់មហាជន លម្អិតពីវិធីសាស្ត្របោះបង្គោលព្រំដែន និងវិធីសាស្ត្រគូស និងចម្លងផែនទី ជាដើម ដោយមិនគ្រាន់តែទៅមើលបង្គោលព្រំដែន ហើយថតរូបបង្ហោះហ្វេសប៊ុកនោះទេ។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តួចផ្តើមគំនិតរៀបចំ «កម្មវិធីកម្សាន្តទិសឦសាន ដោយឥតគិតថ្លៃ» ចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជន បានឃើញជាក់ស្តែងពីជីវរស់នៅ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន។
ការរៀបចំដឹកជញ្ជូនមហាជនទៅមើលខេត្តជាប់ព្រំដែនវៀតណាម និងឡាវ នៅតំបន់អភិវឌ្ឍន៍ត្រីកោណ CLV នេះ ក៏បានធ្វើឡើង ក្រោយមានការលើកឡើងពីសកម្មជនបក្សប្រឆាំង នៅក្រៅប្រទេសថា គម្រោងអភិវឌ្ឍន៍ CLV ធ្វើឱ្យកម្ពុជា បាត់បង់ទឹកដី ខេត្ត ៤ នៅភាគឦសាន ជាប់ព្រំដែនវៀតណាម រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោល។ ថ្មីៗនេះទៀត លោកសមរង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង ក៏បានបង្ហោះតាមហ្វេសប៊ុកពីការផ្ទៀងផ្ទាត់បង្គោលព្រំដែន តាម Google Map ហើយអះអាងថា ដំណើរការបោះបង្គោលកំណត់ព្រំដែនគោករវាងកម្ពុជា និងវៀតណាម ដែលមកដល់ពេលនេះ សម្រេចបាន ៨៦% ក្នុងព្រំដែនសរុបប្រវែង ១២៧០គ.ម គឺឃើញបង្គោលព្រំដែន ចូលក្នុងទឹកដីកម្ពុជា។
តែអ្នកជំនាញព្រំដែនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានបដិសេធ ហើយថា គេមិនអាចយកផែនទីលើ Google Map ដើម្បីមកផ្ទៀងផ្ទាត់ ឬបោះបង្គោលព្រំដែននោះទេ។ កម្ពុជា បោះបង្គោលកំណត់ព្រំដែន ដោយយកតាមផែនទីប៊ូន មានតម្កល់នៅអង្គការសហប្រជាជាតិ និងធ្វើតាមបង្គោលព្រំដែនចាស់ ដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង៕