អតីតតំណាងរាស្រ្តបក្ស​ប្រឆាំង ស្នើសុំ​អន្តរាគមន៍​ពី​លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

Kong Saphear.jpg

លោក គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង របស់អតីតគណបក្សសង្គ្រោះជាតិ

លោក គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង របស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង នៅកម្ពុជា បានសរសេរលិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីស្នើសុំអន្តរាគមន៍លើកលែងទោសដល់រូបលោក ដើម្បីអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។


លោក គង់ សភា ជាកូនប្រុសរបស់លោក គង់ គាំ បានរត់ចេញពីកម្ពុជា ទៅតាមលោកសមរង្ស៊ី កាលពីអំឡុងចុងឆ្នាំ២០១៧ នៅពេលគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរបស់ប្រទេសកម្ពុជា សម្រេចរំលាយចោល។ លោក គង់ សភា រួមទាំងអតីតតំណាងរាស្ត្របក្សប្រឆាំងផ្សេងទៀត ដែលហែហមលោកសមរង្ស៊ី ត្រូវបានតុលាការកាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារច្រើនឆ្នាំ នៅក្នុងសំណុំរឿងជាច្រើន។

ក្នុងលិខិត ធ្វើនៅប្រទេសកាណាដា ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលទើបតែលោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយតាមតេឡេក្រាមផ្លូវការរបស់លោក នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ លោក គង់ សភា បានសម្តែងនូវការសោកស្តាយ ចំពោះរាល់ទង្វើ និងសកម្មភាពមួយចំនួនរបស់លោកកន្លងទៅ ដែលលោក លើកឡើងថា បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងលិខិតដដែល លោក គង់ សភា បានសូមអភ័យទោសចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ជាឪពុក ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោក គង់ សភា ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មេត្តាជួយអន្តរាគមន៍ ថ្វាយព្រះមហាក្សត្រ ដើម្បីទ្រង់ផ្តល់សេចក្តីសណ្តោស និងប្រោសប្រទានការលើកលែងទោសឱ្យរូបលោក បានរួចផុតពីទោស ដែលតុលាការ បានផ្តន្ទានាពេលកន្លងមក ព្រមទាំងទម្លាក់ចោលនូវបទចោទប្រកាន់ទាំងឡាយ ដែលមានជាធរមានចំពោះរូបលោក។

លោក គង់ សភា បានបញ្ជាក់ក្នុងលិខិតដដែល ដោយសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងជួយអន្តរាគមន៍ឱ្យលោក បានរួចផុតពីទោសទណ្ឌទាំងឡាយ ដើម្បីអាចវិលត្រឡប់ចូលទៅកាន់មាតុប្រទេសវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា ដោយក្តីមេត្តាបំផុត។

នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះរូបថត និងលិខិតរបស់លោក គង់ សភា តាមតេឡេក្រាមរបស់លោក ដោយសរសេរថា «ជូនចំពោះលោក គង់ សភា ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោក។ ខ្ញុំសូមស្វាគមន៍លោក។ ខ្ញុំនឹងចាត់ចែងតាមនីតិវិធី ដើម្បីឱ្យលោក អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សង្ឃឹមថា យើងនឹងមានឱកាសជួបសន្ទនាជាមួយគ្នា នៅពេលខាងមុខ»។

សូមរម្លឹកថា ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ហ៊ុន សែន ឪពុករបស់លោក ហ៊ុន ម៉ាណែត បានប្រកាសអត់អោន ដល់អ្នកប្រឆាំង ដែលធ្លាប់វាយប្រហាររូបលោក។

ក្នុងសារសំឡេង ផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីព្រឹកថ្ងៃទី១៧មេសា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ ដល់អាណិកជនខ្មែរម្នាក់ គឺលោក មុំ អស្សនី អតីតនាយទាហាននៅគណៈកម្មការលម្ហសមុទ្រ ដែលធ្លាប់វាយប្រហាររូបលោក។ លោក មុំ អស្សនី ដែលកំពុងរស់នៅប្រទេសញូវហ្សឺឡេន បានថ្លែងតាមខ្លីបវិដេអូ សុំអភ័យទោសលោក ហ៊ុន សែន ហើយស្នើសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

ជាការឆ្លើយតប លោក ហ៊ុន សែន បានប្រកាសស្វាគមន៍ និងអត់អោនដល់លោក មុំ អស្សនី ហើយថា លោកចង់មកកម្ពុជាវិញ ក៏មក ឬក៏ចង់គាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស ក៏បាន។

ជាមួយគ្នានេះ លោក ហ៊ុន សែន បានប្រកាសជាថ្មីថា លោកស្វាគមន៍ជានិច្ចដល់អ្នកភ្ញាក់រលឹកទាំងឡាយណា ដែលធ្លាប់ប្រឆាំង និងវាយប្រហារលើរូបលោក លើកលែងតែមនុស្សម្នាក់ ដែលលោក ហ៊ុន សែន បញ្ជាក់ថា លោកមិនស្វាគមន៍ ហើយក៏មិនយោគយល់អស់មួយជីវិត។ ម្នាក់នោះ ដែលលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះ តែគេដឹងថា លោក ហ៊ុន សែន បាននិយាយសំដៅលើលោក សម រង្ស៊ី។

លោក ហ៊ុន សែន៖ ( សំឡេង )

សូមរម្លឹកថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃចូលឆ្នាំ ថ្ងៃទី៣ លោក ហ៊ុន សែន បានប្រកាសស្វាគមន៍ និងអធ្យាស្រ័យដល់ប្រជាពលរដ្ឋខ្មែរពីរនាក់ប្តីប្រពន្ធ គឺលោក ស៊ុត សារ៉េត និងលោកស្រី ម៉ៅ សាវឿន រស់នៅប្រទេសអូស្ត្រាលី ដែលធ្លាប់ជេរប្រមាថលោក នាពេលកន្លងមកផងដែរ៕


Share