រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃកម្ពុជា​​ ដឹកនាំប្រតិភូ​ធ្វើទស្សនកិច្ច​នៅ​អូស្រ្តាលី

Cambodian Interior Minister Sar Sokha visits Australia.jpg

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅប្រទេសអូស្រ្តាលី។

បន្ទាប់ពីបន្តដំណើរពីទីក្រុងមែលប៊ើន មកដល់ទីក្រុងកង់បេរ៉ា ដោយមានការទទួលស្វាគមន៍និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភរិយា បានដឹកនាំគណៈប្រតិភូ ចូលរួមស្ដាប់បទបង្ហាញ ដោយមន្រ្តី និងអ្នកជំនាញអូស្ត្រាលី ព្រមទាំងពិនិត្យ និងស្វែងយល់ដោយផ្ទាល់ អំពីការអនុវត្តការងារអន្តោប្រវេសន៍។


ផ្ដើមមុនគេ គឺជំនួបពិភាក្សា និងស្ដាប់ការធ្វើបទបង្ហាញស្ដីពីកម្មវិធីអន្តោប្រវេសន៍ ជាមួយភាគីអូស្ត្រាលី ដឹកនាំដោយលោក Damien Kilner នាយកគ្រប់គ្រងស្ដីទី នៃក្រុមប្រតិបត្តិការអន្តោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃអូស្ត្រាលី ដើម្បីស្វែងយល់អំពីយុទ្ធសាស្រ្តទេសន្តប្រវេសន៍ និងកំណែទម្រង់កម្មវិធីទិដ្ឋាការនៃប្រទេសអូស្ត្រាលី សុចរិតភាព និងអនុលោមភាពទិដ្ឋាការ និងការវិនិយោគលើវិស័យធុរកិច្ច និងទេសន្តប្រវេសន៍របស់និយោជិតជំនាញ។

បន្ទាប់មក គឺជំនួបពិភាក្សា និងស្ដាប់ការធ្វើបទបង្ហាញស្តីពីគោលនយោបាយបច្ចេកវិទ្យា។ នៅទីស្ដីការក្រសួងមហាផ្ទៃអូស្រ្តាលី ដដែលនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ព្រមទាំងគណៈប្រតិភូ បានបន្តផ្លាស់ប្ដូរយោបល់ និងស្វែងយល់អំពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពស្តីពីសន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងកម្មវិធីមេរោគ (Ransomware) ជាមួយភាគីអូស្ត្រាលី ដឹកនាំដោយលោក Brendan Dowling ឯកអគ្គរដ្ឋទូត ទទួលបន្ទុកកិច្ចការសាយប័រ និងបច្ចេកវិទ្យា។

ក្រោយបញ្ចប់ជំនួប និងស្ដាប់បទបង្ហាញ គណៈប្រតិភូ បន្តទស្សនកិច្ចសិក្សាមន្ទីរពិសោធន៍ប្រព័ន្ធច្រកទ្វារវៃឆ្លាត របស់កម្លាំងត្រួតពិនិត្យព្រំដែនអូស្ត្រាលី ដោយមានការទទួលស្វាគមន៍ និងធ្វើបទបង្ហាញដោយផ្ទាល់ពីតំណាងក្រុមការងារ និងក្រុមប្រតិបត្តិការ នៃកម្លាំងត្រួតពិនិត្យព្រំដែន។ ទស្សនកិច្ចនេះ បានផ្តោតលើបទពិសោធនិងការគិតគូរអំពីអភិក្រមច្រកទ្វារវៃឆ្លាតនៃប្រទេសអូស្ត្រាលី ដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល ការបង្ហាញកម្មវិធីសាកល្បងច្រកទ្វារវៃឆ្លាតជំនាន់ទី៣ និងកម្មវិធីប្រព័ន្ធស្វ័យប្រវត្តិកម្ម។

គួរកត់សម្គាល់ថា ក្នុងការងារអន្តោប្រវេសន៍ អូស្ត្រាលី បាន និងកំពុងបន្តផ្ដល់ជំនួយក្រសួងមហាផ្ទៃកម្ពុជា ទាំងផ្នែកសម្ភារ និងគម្រោងបច្ចេកទេស និងការកសាងសមត្ថភាពមន្រ្តីលើជំនាញវិភាគឯកសារធ្វើដំណើរ វិភាគព័ត៌មាន បច្ចេកទេសប្រៀបធៀបមុខមាត់ ជំនាញស៊ើបអង្កេត សួរចម្លើយ វាយតម្លៃអ្នកដំណើរ និងភាសាអង់គ្លេស។

ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ស សុខា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បានបញ្ជាក់ពីការបន្តគាំទ្រ ពិសេសលើជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងជំរុញកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។

សូមរម្លឹកថា លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅអូស្ត្រាលី ចាប់ពីថ្ងៃទី១០ ខែមិថុនា រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យមហាផ្ទៃ ជាពិសេសលើការងារអន្តោប្រវេសន៍។

ក្រសួងមហាផ្ទៃ បានប្រកាសថា នៅប្រទេសអូស្រ្តាលី លោក ឧបនាយករដ្ឋមន្រ្តី ស សុខា នឹងជួបជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ នៃរដ្ឋាភិបាលអូស្ត្រាលី ជួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងការបរទេស និងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់នគរបាលសហព័ន្ធអូស្ត្រាលី។

ក្នុងជំនួបទាំងនេះ ផ្ដោតលើការពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក លើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

 ក្រសួងមហាផ្ទៃ បានប្រកាសថា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ដែលបាន និងកំពុងអនុវត្តលើការងារអន្តោប្រវេសន៍ គឺអូស្ត្រាលី បានផ្ដល់ជំនួយ ២ផ្នែក ដល់ភាគីកម្ពុជា។ ទីមួយ-គឺជំនួយផ្នែកបច្ចេកទេស និងទីពីរ-ជំនួយកសាងសមត្ថភាពមន្ត្រីប៉ូលិស ដោយផ្ដោតលើការបណ្ដុះបណ្ដាល ដូចជា ការវិភាគឯកសារធ្វើដំណើរ ការវិភាគព័ត៌មាន បច្ចេកទេសប្រៀបធៀបមុខមាត់ ជំនាញស៊ើបអង្កេត ជំនាញសួរចម្លើយ ការវាយតម្លៃអ្នកដំណើរ និងភាសាអង់គ្លេស។

តាមរយៈការសម្របសម្រួលពីភាគីអូស្ត្រាលី ក្នុងរយៈពេលមួយសប្ដាហ៍ពេញនេះ ប្រតិភូក្រសួងមហាផ្ទៃកម្ពុជា នឹងផ្ដោតលើការពិនិត្យ និងសិក្សាស្វែងយល់ដោយផ្ទាល់ អំពីការអនុវត្តការងារជំនាញមួយចំនួនរបស់អង្គភាពពាក់ព័ន្ធអូស្ត្រាលី៕


Share