ជាការឆ្លើយតប លោក ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា បានសម្ដែងនូវការរំលែកទុក្ខ សេចក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែលបានកើតនៅប្រទេសអ៊ុយក្រែន អស់រយៈពេលជាង ២ឆ្នាំ កន្លងមកនេះ។ លោក ក៏បានបញ្ជាក់ថា កម្ពុជាធ្លាប់ឆ្លងកាត់នូវសង្រ្គាមរ៉ាំរ៉ៃ ដូច្នេះកម្ពុជា បានយល់យ៉ាងច្បាស់ពីផលលំបាក និងទុក្ខវេទនា ដែលប្រជាជនអ៊ុយក្រែន កំពុងទទួលរង។
លោក ហ៊ុន សែន ក៏បានរំលឹកពីការជួបសន្ទនា តាមទូរស័ព្ទចំនួន ២ដង រវាងលោក ជាមួយលោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ក៏ដូចជាជំនួបរវាងរដ្ឋមន្រ្តីការបរទេស និងជំនួបរវាងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-អ៊ុយក្រែន។
បណ្តាញសង្គមផ្លូវការរបស់លោក ហ៊ុន សែន បានផ្សព្វផ្សាយថា ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវិដេអូនេះ ប្រធានសភាអ៊ុយក្រែន បានលើកឡើងនូវប្រធានបទចំនួន ៣ ជូនលោក ហ៊ុន សែន រួមមាន៖ ទី១) ប្រទេសអ៊ុយក្រែន បានលើកផែនការ ១០ចំណុច ដើម្បីស្តារបូរណភាពដែនដី និង សន្តិភាព និងអំពាវនាវឱ្យកម្ពុជា ចូលរួមក្នុងរូបមន្តសន្តិភាពនេះ។ ជាមួយគ្នានេះដែរ នៅពាក់កណ្តាលខែមិថុនាខាងមុខ នៅប្រទេសស្វីស នឹងមានកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ដោយលោកប្រធានរដ្ឋសភាអ៊ុយក្រែន រំពឹងថា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាកូនប្រុសរបស់លោកហ៊ុនសែន នឹងអាចចូលរួម ក្នុងកិច្ចប្រជុំកំពូល ដែលមានសារៈសំខាន់ សម្រាប់អ៊ុយក្រែន និងពិភពលោក។
ទី២) ប្រធានសភាអ៊ុយក្រែន បានលើកឡើងពីការដោះមីននៅអ៊ុយក្រែន ដែលលោកថា គឺជាកិច្ចការសំខាន់ណាស់ ហើយកម្ពុជា គឺមានបទពិសោធន៍ដ៏មានតម្លៃមិនអាចថ្លៃបាន ក្នុងការដោះមីន។ ចំនុចនេះ ប្រធានសភាអ៊ុយក្រែន ស្នើសុំការគាំទ្រពីលោកហ៊ុនសែន ក្នុងនាមជា ប្រធានព្រឹទ្ធសភា និងទន្ទឹងរង់ចាំកម្ពុជា ចូលរួមក្នុងសម្ព័ន្ធភាពដោះមីន នៅប្រទេសអ៊ុយក្រែនផងដែរ។
ទី៣) ក្នុងគោលដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយក្រែន លោកប្រធានសភា អ៊ុយក្រែន បានអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅបំពេញទស្សកិច្ច នៅអ៊ុយក្រែន និងសុំការគាំទ្រពីកម្ពុជា ដល់ទំនាក់ទំនងរបស់អ៊ុយក្រែន ជាដៃគូសន្ទនាជាមួយអាស៊ាន ហើយនិងសូមគោរពអញ្ជើញលោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ច នៅទីក្រុងគាវ ដើម្បីពង្រឹងទំនាក់ទំនងរវាងព្រឹទ្ធសភាកម្ពុជា និងសភាអ៊ុយក្រែន។
ជាកិច្ចឆ្លើយតប លោក ហ៊ុន សែន បានបញ្ជាក់ថា លោកនឹងយករូបមន្ត ១០ចំណុចរបស់អ៊ុយក្រែន ទៅពិចារណា។ ចំណែកការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូល ស្តីពី សន្តិភាពនៅអ៊ុយក្រែន ដែលគ្រោងនឹងធ្វើ នៅទីក្រុងហ្សឺណែវ លោកហ៊ុនសែន ទុកជូនរាជរដ្ឋាភិបាល សម្រេច។
តែយ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានកត់សម្គាល់ឃើញថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះ ត្រូវតែមានវត្តមានតួអង្គរុស្ស៊ី។
លោក ហ៊ុន សែន ក៏បានជម្រាបលោកប្រធានសភាអ៊ុយក្រែនថា ដោយសារកិច្ចការរវល់ច្រើននៅក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា បានចាត់តាំងឯកអគ្គរាជទូតកម្ពុជា ចូលរួមក្នុងសន្និសីទស្តីពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងប៊ែឡាំង នាថ្ងៃទី១១-១២ ខែមិថុនា ខាងមុខនេះ។
ពាក់ព័ន្ធនឹងបញ្ហាមីននៅអ៊ុយក្រែន លោកប្រធានសភាអ៊ុយក្រែន បានស្នើឱ្យមានអ្នកដោះមីនកម្ពុជា ទៅជួយនៅអ៊ុយក្រែន។ ប៉ុន្តែលោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកមានការសោកស្តាយ ដែលកម្ពុជា មិនមានលទ្ធភាពបញ្ជូនអ្នកដោះមីនទៅអ៊ុយក្រែនបានទេ ដោយសាររដ្ឋធម្មនុញកម្ពុជា មិនអនុញ្ញាតឱ្យបញ្ជូនកងកម្លាំងដោះមីន នៅក្រៅឆ័ត្រអង្គការសហប្រជាជាតិនោះទេ។ តែកន្លងមក កម្ពុជា ធ្លាប់បានផ្តល់ការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន។
លោក ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា នឹងពិនិត្យមើលលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន បន្តទៀត ដោយសហការជាមួយនឹងជប៉ុន។
ចំពោះការអញ្ជើញលោកទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក៏ត្រូវបានលោក ហ៊ុន សែន ឆ្លើយតបភ្លាមវិញថា លោកនឹងផ្តល់ចម្លើយ ក្នុងពេលសមស្របណាមួយ៕