Explainer

នេះ​ជា​មូលហេតុ​ដែល​ឳពុកម្តាយ​គ្រប់រូប​គួរ​ពិចារណា​ចាក់​វ៉ាក់សាំង COVID-19ឱ្យកូន​

ទិន្នន័យបង្ហាញពីការឆ្លង COVID-19 ចំនួន 350,000ករណី និងការស្លាប់ចំនួន 8 ករណីនៃ COVID-19 ចំពោះកុមារដែលមានអាយុពី 0-5 ឆ្នាំក្នុងរយៈពេល 7 ខែចុងក្រោយនេះ។

COVID-19 VACCINATIONS FOR CHILDREN

Brothers Louise and Harry Taylor-Bishop and sisters Olivia and Evie Kurz pose for a photo after receiving their first vaccine at Kippa Ring Communication Vaccination Clinic in Brisbane. Source: AAP / RUSSELL FREEMAN/AAPIMAGE

Key Points
  • អូស្ត្រាលីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងសម្រាប់កុមារងាយរងគ្រោះអាយុក្រោមប្រាំឆ្នាំនៅថ្ងៃទី 5 ខែកញ្ញា
  • អ្នកជំនាញ៖ កូវីដអាចកាចសាហាវសម្រាប់កុមារមួយចំនួន
  • ផលរំខាននៃវ៉ាក់សាំងគឺមិនសូវកើតមានចំពោះកុមារដូចមនុស្សពេញវ័យទេ
កាលពីដើមឆ្នាំនេះ វ៉ាក់សាំង COVID-19 ត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់កុមារទាំងអស់ដែលមានអាយុពី 5-11 ឆ្នាំ។

ទោះយ៉ាងណាក៏ដោយ មានតែ 40 ភាគរយនៃកុមារដែលមានសិទ្ធិទទួលបាន ចំនួន 2,3 លាននាក់ប៉ុណ្ណោះនៅក្នុងក្រុមអាយុនេះ ដែលបានទៅចាក់វ៉ាក់សាំងចំនួនពីរដូស្តតាមការណែនាំរបស់ពួកគេ។

លោកវេជ្ជបណ្ឌិត Brenden McMullan អ្នកឯកទេសជំងឺឆ្លងកុមារនៅមន្ទីរពេទ្យកុមារស៊ីដនី បាននិយាយថា ឪពុកម្តាយប្រហែលជាមានការព្រួយបារម្ភតិចតួចអំពីផលប៉ះពាល់របស់វ៉ាក់សាំង ហើយមិនប្រាកដថាកូនៗរបស់ពួកគេត្រូវការវ៉ាក់សាំងឬអត់នោះទេ។

LISTEN TO
Edited Nick Wood.mp3 image

How safe are COVID-19 vaccines for children?

SBS English

11/08/202214:21
គ្រូពេទ្យកុមារ និងជាសាស្ត្រាចារ្យរង លោកវេជ្ជបណ្ឌិត Nick Wood បាននិយាយថា ហេតុផលផ្សេងទៀតដែលនៅពីក្រោយអត្រានៃការចាក់វ៉ាក់សាំងទាបនេះ អាចជាការចែកចាយ ហើយប្រជាជនមិនរកពេលនាំកូនៗរបស់ពួកគេទៅកាន់មជ្ឈមណ្ឌលចាក់វ៉ាក់សាំង។

"ឪពុកម្តាយរបស់កុមារអាយុប្រាំមួយឬប្រាំពីរឆ្នាំដែលបានកើតជំងឺកូវីដ-19រួចហើយ ប្រហែលជាគិតថា ដោយសារការឆ្លងមិនអាក្រក់ពេក ពួកគេពិតជាមិនចាំបាច់ប្រញាប់ប្រញាល់ និងទៅចាក់វ៉ាក់សាំងនោះទេ” នេះបើតាមប្រសាសន៍របស់សាស្ត្រាចារ្យ Wood ។

"មានការណែនាំឱ្យរង់ចាំយ៉ាងហោចណាស់ 3 ខែ មុនពេលចាក់វ៉ាក់សាំង ប្រសិនបើអ្នកមាន COVID-19។ ដូច្នេះប្រហែលជាហេតុផលមួយទៀតសម្រាប់ការទៅចាក់វ៉ាក់សាំងដែលមានអត្រាទាបនេះ។"

តើកុមារត្រូវការវ៉ាក់សាំង COVID-19 ដែរឬទេ?

អ្នកជំនាញទាំងពីរបាននិយាយថា ការឆ្លងមេរោគកូវីដ-១៩ មានលក្ខណៈស្រាលចំពោះកុមារភាគច្រើន ប៉ុន្តែសម្រាប់កុមារមួយចំនួន ជាពិសេសកុមារដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ កូវីដ-១៩ អាចជាជំងឺដ៏កាចសាហាវ។

សាស្ត្រាចារ្យ Wood បាននិយាយថា "កុមារខ្លះអាចឈឺខ្លាំង ហើយត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ពួកគេប្រហែលជាត្រូវការជំនួយបន្ថែមដូចជា អុកស៊ីហ្សែន ឬសារធាតុរាវ ពីព្រោះការដកដង្ហើមរបស់ពួកគេមិនសូវល្អ ហើយការទទួលទានតាមមាត់របស់ពួកគេ (ញ៉ាំ និងផឹក) ធ្លាក់ចុះ"។

លោកបាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បញ្ឈប់កុមារពីការឈឺធ្ងន់ធ្ងរ។

សាស្ត្រាចារ្យ Wood បាននិយាយទៀតថា "ទោះបីជាអ្នកធ្លាប់ឆ្លងហើយក៏ដោយ វាកាន់តែមានប្រយោជន៍ចំពោះការដែលឆ្លងរួចហើយ បូកបន្ថែមទាំងវ៉ាក់សាំង។ ភាពស៊ាំដែលអ្នកទទួលបានគឺប្រហែលជាទូលំទូលាយជាង ហើយវាអាចការពារអ្នកពីការឆ្លងឡើងវិញ" ។

លោកវេជ្ជបណ្ឌិត McMullan បាននិយាយថា មនុស្សដែលមិនបានចាក់វ៉ាក់សាំង រួមទាំងកុមារផងដែរ ទំនងជាឆ្លងមេរោគកូវីដ១៩ច្រើនជាង។

លោកបាននិយាយថា "នៅដើមដំបូងនៃរោគរាតត្បាតនេះ យើងទំនងជាបានឃើញក្មេងជំទង់មួយចំនួន ចូលព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយឈឺធ្ងន់ធ្ងរជាងនេះ។ ឥឡូវនេះ យើងឃើញកុមារតូចៗនៅក្នុងមន្ទីរពេទ្យ" ។

តើវ៉ាក់សាំងមានសុវត្ថិភាពកម្រិតណា?

អ្នកជំនាញនិយាយថា វ៉ាក់សាំងទាំងនេះត្រូវបានស្រាវជ្រាវយ៉ាងហ្មត់ចត់ និងចាក់ជូនដល់កុមាររាប់លាននាក់នៅទូទាំងពិភពលោក។

នៅប្រទេសអូស្ត្រាលី វាត្រូវបានវាយតម្លៃដោយរដ្ឋបាលគ្រប់គ្របទំនិញព្យាបាល និងណែនាំដោយក្រុមប្រឹក្សាបច្ចេកទេសអូស្ត្រាលីស្តីពីការចាក់ថ្នាំបង្ការ (ATAGI)។

សាស្ត្រាចារ្យ Wood គឺជាអ្នកនិពន្ធនាំមុខគេនៃរបាយការណ៍ AusVaxSafety ថ្មីៗនេះ ដែលបានវិភាគទិន្នន័យសុវត្ថិភាពវ៉ាក់សាំងមកលើកុមារអូស្ត្រាលីជាង 200,000 នាក់ ដែលមានអាយុពី 5 ទៅ 15 ឆ្នាំ។

លោកបាននិយាយថា ផលរំខានទូទៅចំពោះកុមារ គឺមានការឈឺចាប់ និងកន្ទួលក្រហមនៅកន្លែងចាក់ថ្នាំ ដែលជាធម្មតាកើតមានក្នុងរយៈពេល 48 ម៉ោងដំបូងនៃការចាក់ថ្នាំបង្ការ និងមានរយៈពេលពីរបីថ្ងៃ។

គ្រុនក្តៅ ឈឺក្បាល និងឈឺសាច់ដុំ គឺជាផលប៉ះពាល់ទូទៅផ្សេងទៀតចំពោះកុមារ និងមនុស្សពេញវ័យ។

សាស្ត្រាចារ្យ Wood បាននិយាយថា "ប៉ុន្តែ ផលរំខានទាំងនេះមិនសូវជាកើតមានចំពោះកុមារដូចមនុស្សពេញវ័យនោះទេ។
សាស្ត្រាចារ្យ Wood និងក្រុមរបស់លោកមិនបានរកឃើញហានិភ័យសម្រាប់ជំងឺ myocarditis (ការរលាកបេះដូង) ចំពោះកុមារអាយុក្រោម 12 ឆ្នាំទេ។

លោកបាននិយាយថា "វាជារឿងធម្មតាជាងបន្តិចចំពោះអ្នកដែលមានអាយុពី 15-25 ឆ្នាំ។ ហើយវាកើតឡើងជាចម្បង ចំពោះបុរសវ័យក្មេង បន្ទាប់ពីចាក់ដូស្តទី2។យុវជន ឬក្មេងជំទង់អាចត្អូញត្អែរពីការឈឺទ្រូងខ្លះ ឬញ័របេះដូងបន្តិច"។

លោកបានបន្ថែមថា "ហើយប្រសិនបើពួកគេមានអាការបែបនេះ ពួកគេចាំបាច់ត្រូវទៅជួបវេជ្ជបណ្ឌិត ឬគ្រូពេទ្យសង្គ្រោះបន្ទាន់។ ប៉ុន្តែវាមិនមែនជាទូទៅទេ។ វាមានដូចជា ម្នាក់ក្នុងចំណោមប្រាំទៅមួយម៉ឺននាក់"។

វេជ្ជបណ្ឌិត McMullan ធ្វើការជាមួយនឹងផលប៉ះពាល់ធ្ងន់ធ្ងរ ក្នុងនាមជាអ្នកឯកទេសជំងឺឆ្លង និងជួយជាមួយនឹងប្រព័ន្ធភាពស៊ាំ។

វេជ្ជបណ្ឌិត McMullan បាននិយាយថា "ខ្ញុំបានមើលថែទាំកុមារកាន់តែច្រើនដែលមានជំងឺ COVID ធ្ងន់ធ្ងរ ច្រើនជាងខ្ញុំត្រូវព្យាបាលអ្នកដែលរងផលប៉ះពាល់ដោយសារវ៉ាក់សាំង" ។

តើវ៉ាក់សាំងណាខ្លះដែលត្រូវបានណែនាំសម្រាប់កុមារ?

បច្ចុប្បន្ននេះ ATAGI ណែនាំឱ្យចាក់វ៉ាក់សាំង Spikevax របស់ Moderna ចំនួន 2 ដង សម្រាប់កុមារងាយរងគ្រោះដែលមានអាយុពី 6 ខែដល់ 5 ឆ្នាំ។

ATAGI បាននិយាយថា "កុមារក្រុមអាយុនេះគឺជាក្រុមមួយក្នុងចំណោមក្រុមដែលមិនទំនងជាត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារ COVID-19ទេ ។ ក្នុងចំណោម ចំនួនតិចតួច ដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬកុមារដែលស្លាប់ដោយសារ COVID-19 គឺជាញឹកញាប់មានស្ថានភាពបញ្ហាសុខភាពពីមុនមកស្រាប់ ឬក៏មានបញ្ហានៃប្រព័ន្ធភាពស៊ាំចុះខ្សោយ"។


ប្រព័ន្ធតាមដានការជូនដំណឹងអំពីជំងឺថ្នាក់ជាតិ បានរាយការណ៍ពីការជូនដំណឹងអំពី ករណីឆ្លងCOVID-19 ជាង 350,000ករណី និងការស្លាប់ចំនួន 8 នាក់ ចំពោះកុមារដែលមានអាយុពី 0-5 ឆ្នាំ ចន្លោះពីថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2021 ដល់ថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2022។

កុមារទាំងអស់ក្នុងក្រុមអាយុ 5-11ឆ្នាំ និង 12-15ឆ្នាំ អាចទទួលថ្នាំវ៉ាក់សាំង Pfizer ឬ Moderna បានចំនួនពីរដូស្ត។ ការចាក់ដូស្តទីបី ត្រូវបានណែនាំសម្រាប់តែកុមារដែលងាយរងគ្រោះប៉ុណ្ណោះ។

ករណី​កូវីដរ៉ាំរ៉ៃ (Long Covid)សម្រាប់កុមារ

លោកវេជ្ជបណ្ឌិត McMullan បាននិយាយថា កូវីដរ៉ាំរ៉ៃ ច្រើនកើតមានចំពោះមនុស្សពេញវ័យច្រើនជាង បើធៀបនឹងកុមារ។

លោកបានមានប្រសាសន៍ថា “កុមារភាគច្រើនដែលមានជំងឺ COVID-19 នឹងពិតជាជាសះស្បើយឡើងវិញដូចធម្មតា ក្នុងរយៈពេលពីរបីសប្តាហ៍។


SBS ប្តេជ្ញាផ្តល់ព័ត៌មានថ្មីៗអំពី COVID-19 ដល់សហគមន៍ពហុវប្បធម៌ និងពហុភាសារបស់ប្រទេសអូស្ត្រាលី។ រក្សាសុវត្ថិភាព និងទទួលបានព័ត៌មានថ្មីៗដោយចូលទៅកាន់ទំព័រ ជាទៀងទាត់ ជាមួយនឹងព័ត៌មានចុងក្រោយបំផុតជាភាសារបស់អ្នក៕

Share
Published 23 August 2022 9:43am
By Sahil Makkar
Source: SBS


Share this with family and friends