Key Points
- សាស្ត្រាចារ្យ Steve Robson និយាយថា ប្រទេសអូស្ត្រាលីមិនទាន់ឈានដល់ដំណាក់កាលដែលកូវីដ អាចចាត់ទុកដូចជាជំងឺផ្តាសាយនោះទេ។
- អ្នកជំនាញខាងរោគរាតត្បាតនិយាយថា កូវីដងាយឆ្លងជាងហើយធ្ងន់ធ្ងរជាង និងមានផលប៉ះពាល់រយៈពេលវែង។
ការឆ្លើយតបគ្រាអាសន្នរបស់អូស្ត្រាលីចំពោះកូវីដ បានបញ្ចប់ទៅនៅថ្ងៃទី 14 ខែតុលា ឆ្នាំ2022 ដែលមានន័យថា ករណីវិជ្ជមានមិនត្រូវបានតម្រូវឱ្យផ្តាច់ខ្លួនឯងនៅដាច់ដោយឡែកពីគេទៀតទេ។
ប៉ុន្តែការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីជាតិបែបនេះ បានបង្កឱ្យមានការជជែកវែកញែកអំពីថាតើ COVID-19 គួរតែត្រូវបានចាត់ទុកដូចជាជំងឺផ្តាសាយធំប្រចាំឆ្នាំ ឬតាមរដូវដែរឬទេ។
ភាពខុសគ្នារវាងកូវីដ និងគ្រុនផ្តាសាយធំ
ប្រធានសមាគមវេជ្ជសាស្ត្រអូស្ត្រាលី លោកសាស្ត្រាចារ្យ Steve Robson មានប្រសាសន៍ថា កូវីដ និងគ្រុនផ្តាសាយធំមានរោគសញ្ញាស្រដៀងគ្នា។
ប៉ុន្តែមេរោគទាំងពីរនេះ មានភាពខុសគ្នាខ្លាំង។
សាស្ត្រាចារ្យ Robson មានប្រសាសន៍ថា "កូវីដ ទំនងជាឆ្លងខ្លាំងជាង ហើយផ្លាស់ប្តូរធម្មជាតិរបស់វាញឹកញាប់ជាង"។
«ភាពស៊ាំដែលយើងទទួលបាន ទាំងពីការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ ឬពីការឆ្លងកូវីដនោះ វាថយចុះទៅវិញយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យមនុស្សងាយរងគ្រោះក្នុងការឆ្លងច្រើនដង។
លោកសាស្ត្រាចារ្យ Robson បានប្រាប់ SBS ថា "ជាឧទាហរណ៍ យើងកំពុងឃើញមនុស្សឆ្លងជំងឺកូវីដ ពីរឬបីដងក្នុងមួយរដូវ ដែលវាមិនមែនជារឿងធម្មតាសម្រាប់ជំងឺផ្តាសាយនោះទេ"។
LISTEN TO
Another severe wave could bring us back to square one: Australia's top doctor on ending mandatory isolation
SBS English
14/10/202214:46
សាស្ត្រាចារ្យ Ian Barr អ្នកជំនាញជំងឺគ្រុនផ្តាសាយធំមកពីវិទ្យាស្ថាន Doherty និយាយថា ជំងឺផ្តាសាយបានកំពុងតែឆ្លងប្រហែលជារាប់ពាន់ឆ្នាំមកហើយ ខណៈដែលកូវីដ-19 ទើបតែកើតមាន មិនដល់បីឆ្នាំផង។
លោកសាស្ត្រាចារ្យ Barr មានប្រសាសន៍ថា "ការចម្លងនៃ SARS-CoV-2 ឆ្លងបានយ៉ាងងាយស្រួលជាងជំងឺគ្រុនផ្តាសាយ ហើយវ៉ាក់សាំងបច្ចុប្បន្នប្រឆាំងនឹង SARS-CoV-2 មិនមានប្រសិទ្ធភាពបញ្ឈប់ការឆ្លងនោះទេ ប៉ុន្តែដើម្បីការពារការចូលមន្ទីរពេទ្យ និងការស្លាប់ក្នុងស្ថានភាពជាច្រើន"។
«វ៉ាក់សាំងជំងឺគ្រុនផ្តាសាយធំធ្វើបានល្អជាងក្នុងន័យបញ្ឈប់ការឆ្លងមេរោគ ហើយមានតួនាទីបង្ការការចូលព្យាបាលក្នុងមន្ទីរពេទ្យ និងការស្លាប់»។
តើកូវីដធ្ងន់ធ្ងរជាងជំងឺផ្ដាសាយធំឬទេ?
សាស្ត្រាចារ្យ Robson និយាយថា កូវីដ គឺជាការឆ្លងមេរោគពហុប្រព័ន្ធ ដែលបណ្តាលឱ្យរលាកខួរក្បាលរយៈពេលវែង។
កូវីដអាចនាំឱ្យមានជំងឺកូវីដរ៉ាំរ៉ៃ(Long COVID) ប៉ុន្តែផ្ដាសាយធំមិនរ៉ាំរ៉ៃទេ។
សាស្ត្រាចារ្យ Robson និយាយថា គេត្រូវការធនធានដ៏ច្រើនសម្បើម ដើម្បីព្យាបាលអ្នកផ្ទុកមេរោគ COVID-19 នៅក្នុងមន្ទីរពេទ្យ។
លោកថា "បុគ្គលិកថែទាំសុខភាពត្រូវពាក់ឧបករណ៍ការពារពិសេស ហើយត្រូវការធនធានពិសេសដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃមេរោគកូវីដ-19 នៅក្នុងមន្ទីរពេទ្យ"។
"ជារឿយៗវាជះឥទ្ធិពលដល់បុគ្គលិកមន្ទីរពេទ្យ ដូច្នេះបុគ្គលិកថែទាំសុខភាពមានតិចជាងមុនក្នុងការព្យាបាលអ្នកជំងឺ។ ឥឡូវនេះ មនុស្សមួយចំនួនធំកំពុងរង់ចាំ ធ្វើការវះកាត់ដែលមិនបន្ទាន់ឬអាចជ្រើសរើសបាន"។
ដូច្នេះ តើពេលណាទើបយើងអាចចាត់ទុកជំងឺកូវីដដូចជាជំងឺផ្តាសាយបាន?
លោកសាស្ត្រាចារ្យ Barr មានប្រសាសន៍ថា ការផ្លាស់ប្តូរទៅចាត់ទុកកូវីដ-19 ដូចជាជំងឺគ្រុនផ្តាសាយ គឺជាការវិវត្តន៍តាមធម្មជាតិ។
លោកនិយាយថា "វាត្រូវបានគេរំពឹងថា COVID-19 នឹងបង្កើតជាលំនាំតាមរដូវកាល (រដូវរងា) បន្ថែមទៀត ទោះបីជាករណីអាចនៅតែកើតឡើងក្រៅរដូវកាលក៏ដោយ" ។
"អ្វីដែលនៅតែត្រូវកំណត់គឺផលប៉ះពាល់រយៈពេលវែងនៃ COVID-19 ធៀបនឹងការឆ្លងជំងឺគ្រុនផ្តាសាយ។ វាអាចមានភាពខុសប្លែកគ្នារវាងវ៉ារ្យ៉ង់នៃ COVID-19 ផ្សេងៗគ្នា នៅពេលដែលវាលេចឡើង។ ឧទាហរណ៍ Deltaអាចមានផលប៉ះពាល់រយៈពេលវែងធ្ងន់ធ្ងរជាងការឆ្លង Omicron ។"
សាស្ត្រាចារ្យ Robson បាននិយាយថា វាជារឿងសំខាន់ដែលត្រូវយល់ថា អូស្ត្រាលីមិនទាន់ឈានដល់ដំណាក់កាលនោះនៅឡើយទេ។
ការបន្ធូរបន្ថយការរឹតត្បិត ឬបោះបង់ចោលការការពារផ្សេងទៀត ជាសញ្ញាប្រាប់សហគមន៍ថាអ្វីៗបានបញ្ចប់ហើយ ហើយវាមិនត្រឹមត្រូវទេ។
"យើងដឹងថានឹងមានរលកកូវីដបន្ថែមទៀតនាពេលអនាគត ហើយវាពិបាកក្នុងការទស្សន៍ទាយ ថាតើវានឹងធ្ងន់ធ្ងរកម្រិតណា។" នេះបើតាមប្រសាសន៍របស់សាស្ត្រាចារ្យ Robson ។
តើយើងនឹងឈានដល់ដំណាក់កាលនោះនៅពេលណា?
លោកសាស្ត្រាចារ្យ Robson និយាយថា ប្រទេសអូស្ត្រាលីនឹងឈានដល់ដំណាក់កាលនោះ នៅពេលដែលឥទ្ធិពលនៃកូវីដទៅលើសហគមន៍ ប្រព័ន្ធសុខាភិបាល និងសេដ្ឋកិច្ច មិនខុសពីជំងឺផ្តាសាយតាមរដូវនោះទេ។
លោកនិយាយថា "ជំងឺគ្រុនផ្តាសាយតាមរដូវមានឆ្នាំល្អ និងឆ្នាំអាក្រក់ ប៉ុន្តែការរួមបញ្ចូលគ្នានៃរដូវកាលនៃជំងឺគ្រុនផ្តាសាយអាក្រក់ និងរដូវកាលនៃវីរុសកូរ៉ូណាដ៏អាក្រក់នឹងពិតជាគ្រោះមហន្តរាយមួយ" ។
"កូវីដមានសក្តានុពលដ៏ធំសម្បើម ក្នុងការប៉ះពាល់ដល់កម្លាំងពលកម្ម។ ដូច្នេះវានឹងមិនដូច ការឆ្លងរាលដាលនៃជំងឺផ្តាសាយធម្មតានោះទេ។ យើងសង្ឃឹមថា វានឹងផ្លាស់ប្តូរ ប៉ុន្តែយើងនៅមិនទាន់ដល់ចំណុចនោះនៅឡើយទេ"។
ផ្លូវឆ្ពោះទៅថ្ងៃខាងមុខ
លោកសាស្ត្រាចារ្យ Robson បាននិយាយថា ផ្លូវឆ្ពោះទៅមុខគឺថា មនុស្សមិនគួរទទួលបានសារដែលថា កូវីដគឺជាជំងឺស្រាលនោះទេ។
"យើងត្រូវតែធ្វើឱ្យប្រាកដថា ការចាក់វ៉ាក់សាំងមានបច្ចុប្បន្នភាព។ ហើយយើងបានឃើញថា កម្មវិធីវ៉ាក់សាំងដូស្តជំរុញ នៅក្នុងប្រទេសអូស្រ្តាលីនៅពេលនេះ គឺពិតជាជាប់ផុងនៅក្នុងដីខ្សាច់ ហើយនេះ ត្រូវតែផ្លាស់ប្តូរ ជាមួយនឹងវ៉ាក់សាំងថ្មីជាងនេះដែលនឹងចេញមកនោះ ដែលមានទាំង Omicron នៅក្នុងវ៉ាក់សាំងនោះផងដែឬ"។
លោកសាស្ត្រាចារ្យ Barr មានប្រសាសន៍ថា ក្រុមហ៊ុនផលិតវ៉ាក់សាំង mRNA ដូចជា Moderna កំពុងសម្លឹងមើលការរួមបញ្ចូលគ្នារវាងវ៉ាក់សាំងជំងឺផ្តាសាយ និងវ៉ាក់សាំង កូវីដ-19 ។
ប៉ុន្តែលោកថា ឥឡូវនេះ ជាមួយនឹង ការផ្តាច់ខ្លួនចេញឆ្ងាយពីគេ និង ការដាក់កំហិតនានាត្រូវបានលុបចោលនៅក្នុងប្រទេសជាច្រើន វានឹងពិបាកខ្លាំងណាស់ ក្នុងការ "ចាប់យក្សដាក់ចូលក្នុងដបវិញ"!!
វេជ្ជបណ្ឌិត Dicky Budiman ដែលជាអ្នកជំនាញខាងរោគរាតត្បាតដែលបច្ចុប្បន្នបានបញ្ចប់ថ្នាក់បណ្ឌិតរបស់លោកនៅសាកលវិទ្យាល័យ Griffith និយាយថា អូស្ត្រាលី និងប្រទេសដទៃទៀត ត្រូវរង់ចាំយ៉ាងហោចណាស់ក៏រហូតដល់ឆ្នាំក្រោយដែរ ទើប កូវីដ-19 អាចត្រូវបានចាត់ទុកដូចជំងឺផ្តាសាយនោះ។
លោកនិយាយថា "ថ្នាំប្រឆាំងមេរោគដែលលេបចូលតាមមាត់នៅតែមិនងាយរកទិញបាននៅឡើយនោះទេ ។ វានឹងត្រូវការពេលវេលាខ្លះទៀត" ។
SBS ប្តេជ្ញាផ្តល់ព័ត៌មានថ្មីៗអំពី COVID-19 ដល់សហគមន៍ពហុវប្បធម៌ និងពហុភាសារបស់ប្រទេសអូស្ត្រាលី។ រក្សាសុវត្ថិភាព និងទទួលបានព័ត៌មានថ្មីៗដោយចូលទៅកាន់ទំព័រ ជាទៀងទាត់ ជាមួយនឹងព័ត៌មានចុងក្រោយបំផុតជាភាសារបស់អ្នក៕