Key Points
- WHO ណែនាំស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន ឱ្យពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បី 'អត្ថប្រយោជន៍'។'
- អូស្ត្រាលីមិនណែនាំថ្នាំ Paxlovid ចំពោះស្ត្រីមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន និងស្ត្រីដែលមានទំនងជាមានកូននៅក្នុងផ្ទៃជាសក្តានុពលនោះទេ។
- ការស្រាវជ្រាវពី Johns Hopkins Medicine បង្ហាញថា Paxlovid មានសុវត្ថិភាពក្នុងពេលមានគភ៌។
អង្គការសុខភាពពិភពលោកនៅក្នុងអនុសាសន៍ចុងក្រោយរបស់ខ្លួននៅថ្ងៃទី 13 ខែមករាបានស្នើឱ្យស្ត្រីមានផ្ទៃពោះនិងស្រ្តីបំបៅដោះកូនដែលមានជំងឺកូវីដ-19 មិនធ្ងន់ធ្ងរឱ្យពិចារណា Paxlovid ។
WHO បានស្នើឱ្យស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់ពួកគេ ដើម្បីកំណត់ថាតើពួកគេគួរប្រើថ្នាំនេះដែរឬទេ ដោយសារ "អត្ថប្រយោជន៍ដែលអាចកើតមាន និងកង្វះនៃព្រឹត្តិការណ៍មិនល្អដែលត្រូវបានរាយការណ៍"។
ទោះជាយ៉ាងណាក៏ដោយ ស្ត្រីអូស្ត្រាលីនឹងត្រូវរង់ចាំសិន ខណៈដែលនិយតករឱសថកំពូលរបស់ប្រទេសនេះ TGA មិនអនុញ្ញាតឱ្យប្រើ Paxlovid ចំពោះម្តាយដែលមានផ្ទៃពោះ បំបៅដោះកូន និងស្ត្រីដែលមានសក្តានុពលក្នុងការពពោះនោះទេ។
TGA អនុម័តតែការប្រើប្រាស់ថ្នាំនេះនៅក្នុងក្រុមដែលបានជ្រើសរើសមួយចំនួន ដែលមានលក្ខខណ្ឌវេជ្ជសាស្ត្រជាមូលដ្ឋានប៉ុណ្ណោះ។
អូស្ត្រាលីនៅតែរក្សាជំហររបស់ខ្លួន បើទោះជាមានការណែនាំថ្មីៗរបស់ WHO ក៏ដោយ។
ក្រសួងសុខាភិបាលបាននិយាយថា Pfizer មិនបានផ្តល់ទិន្នន័យស្តីពីការប្រើប្រាស់ Paxlovid ចំពោះស្ត្រីមានផ្ទៃពោះនៅពេលដែល TGA បានអនុម័តកម្មវិធីដំបូងរបស់ខ្លួននៅថ្ងៃទី 18 ខែមករា ឆ្នាំ 2022នោះទេ។
ដូច្នេះការប្រើចំពោះស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនមិនត្រូវបានណែនាំទេ។ក្រសួងសុខាភិបាលអូស្រ្តាលី
"នេះគឺស្របតាមការណែនាំដែលផ្តល់ដោយទីភ្នាក់ងារឱសថអឺរ៉ុប (EMA) និងទីភ្នាក់ងារគ្រប់គ្រងផលិតផលថែទាំសុខភាព និងឱសថរបស់ចក្រភពអង់គ្លេស (MHRA)"។
ការណែនាំអំពីសុខភាពរបស់រដ្ឋាភិបាលរដ្ឋអូស្ត្រាលីខាងលិច ផ្តល់ដំបូន្មានដល់ស្ត្រីមានផ្ទៃពោះ ឬអ្នកដែលរៀបចំផែនការយកបុត្រ មិនឱ្យប្រើថ្នាំ Paxlovid ឡើយ។
"សូមទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាមៗ ប្រសិនបើអ្នកមានផ្ទៃពោះក្នុងពេលកំពុងប្រើថ្នាំនេះ។ Paxlovid អាចប៉ះពាល់ដល់របៀបដំណើរការនៃថ្នាំពន្យារកំណើត បន្ទះ និងកងនៅទ្វារមាស"។
គេបានបន្ថែមទៀតថា "អ្នកគួរតែប្រើវិធីពន្យារកំណើតជំនួស ឬវិធីសាស្ត្រការពារបន្ថែម ដូចជាស្រោមអនាម័យ ខណៈពេលដែលអ្នកកំពុងលេបថ្នាំ Paxlovid។ ពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីវិធីសាស្ត្រមានប្រសិទ្ធភាពនៃការពន្យារកំណើត"។
វេជ្ជបណ្ឌិត Nisha Khot ជាគ្រូពេទ្យឯកទេសសម្ភពដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន ជឿជាក់ថា រដ្ឋាភិបាលអូស្ត្រាលីនឹងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងការសិក្សាចុងក្រោយបង្អស់។
Dr Khot បាននិយាយថា "អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនៅប្រទេសអូស្ត្រាលីមិនអាចចេញវេជ្ជបញ្ជា Paxlovid ឬថ្នាំណាមួយផ្សេងទៀតបានទេបើគ្មានការយល់ព្រមពីរដ្ឋាភិបាលសហព័ន្ធ" ។
Paxlovid នៅពេលដែលបានទទួលការអនុម័តរួច នឹងប្រើជាជម្រើសព្យាបាលបន្ថែមចំពោះស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន។ វាក៏នឹងបន្ធូរបន្ថយភាពតានតឹង និងការថប់បារម្ភរបស់ពួកគេផងដែរ។គ្រូពេទ្យឯកទេសសម្ភពដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន Dr Nisha Khot
Dr Khot បាននិយាយថា ម្តាយដែលមានផ្ទៃពោះ ឬបំបៅដោះកូនភាគច្រើននៅក្នុងរដ្ឋវិចថូរៀ ឥឡូវនេះកំពុងរាយការណ៍ពីការឆ្លង COVID-19 កម្រិតស្រាល។
Dr Khot បាននិយាយថា "នេះអាចមកពីការទទួលថ្នាំបង្ការ និងអត្រាដូស្តជំរុញខ្ពស់។ នោះហើយជាមូលហេតុដែលយើងមិនអាចសង្កត់ធ្ងន់លើសារៈសំខាន់នៃវ៉ាក់សាំង COVID-19 ឱ្យបានគ្រប់គ្រាន់ទេ" ។
ការសិក្សាថ្មីៗនេះដោយ Johns Hopkins Medicine Research នៅក្នុង JAMA Network Open បានបង្ហាញថាអ្នកមានផ្ទៃពោះដែលឆ្លងមេរោគ SARS-CoV-2 អាចប្រើថ្នាំ Paxlovid ដោយសុវត្ថិភាព ដើម្បីកាត់បន្ថយលទ្ធភាពនៃជំងឺធ្ងន់ធ្ងរ។
ថ្នាំនេះត្រូវបានទទួលយកបានយ៉ាងល្អ ដោយគ្មានភស្តុតាងនៃការកើនឡើងនៃផលវិបាកដែលប៉ះពាល់ដល់ម្តាយដែលផ្តល់កំណើត ឬកូនរបស់ពួកគេទេ។Johns Hopkins Medicine Research
ការស្រាវជ្រាវបានកត់សម្គាល់ថា "ប្រហែលពាក់កណ្តាលនៃការសម្រាលកូនបន្ទាប់ពីការព្យាបាលជាមួយ nirmatrelvir និង ritonavir (Paxalvid) គឺតាមរយៈការសម្រាលកូនដោយវះកាត់" ។
រដ្ឋាភិបាលអូស្ត្រាលីបាននិយាយថា TGA ដឹងពីការសិក្សាតូចៗអំពីការប្រើប្រាស់ Paxlovid ចំពោះស្ត្រីមានផ្ទៃពោះ ហើយអាចពិចារណាការដាក់ពាក្សសុំជាថ្មី ឬធ្វើបច្ចុប្បន្នភាពពី Pfizer ។
ទោះយ៉ាងណាក៏ដោយ គេមិនអាចបង្ខំ Pfizer ឱ្យផ្ញើការដាក់ពាក្យសុំនេះបានទេ។
Pfizer បានប្រាប់ SBS ថា ខ្លួនមិនមានទិន្នន័យស្តីពីការប្រើប្រាស់ថ្នាំ Paxlovid ប្រកបដោយសុវត្ថិភាពអំឡុងពេលមានផ្ទៃពោះ និងចំពោះកុមារដែលបៅដោះម្តាយក្នុងអំឡុងពេលនោះទេ។
Pfizerបាននិយាយថា "ស្ត្រីដែលមានសក្តានុពលក្នុងការបង្កើតកូន គួរតែជៀសវាងការមានគភ៌ក្នុងអំឡុងពេលព្យាបាល និងរហូតដល់ប្រាំពីរថ្ងៃ បន្ទាប់ពីការបញ្ឈប់ Paxlovid" ។
"ការបំបៅកូនដោយទឹកដោះម្តាយ គួរតែត្រូវបានបញ្ឈប់ក្នុងអំឡុងពេលព្យាបាលជាមួយ Paxlovid និងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីការចាក់ថ្នាំ Paxlovid ចុងក្រោយ។ មិនមានទិន្នន័យរបស់មនុស្ស ស្តីពីឥទ្ធិពលរបស់ Paxlovid លើការមានកូននោះទេ។"
SBS ប្តេជ្ញាផ្តល់ព័ត៌មានថ្មីៗអំពី COVID-19 ដល់សហគមន៍ពហុវប្បធម៌ និងពហុភាសារបស់ប្រទេសអូស្ត្រាលី។ រក្សាសុវត្ថិភាព និងទទួលបានព័ត៌មានថ្មីៗដោយចូលទៅកាន់ទំព័រ ជាទៀងទាត់ ជាមួយនឹងព័ត៌មានចុងក្រោយបំផុតជាភាសារបស់អ្នក៕