Key Points
- អ្នកជំនាញនិយាយថា កូវីដ ឬខួរក្បាលស្រអាប់គឺជារឿងធម្មតាក្នុងចំណោមអ្នកដែលមានជំងឺកូវីដរ៉ាំរ៉ៃ។
- លក្ខខណ្ឌនេះជាធម្មតាកើតឡើងជាបណ្តោះអាសន្ន ហើយនឹងបាត់ទៅវិញដោយខ្លួនឯង។
- ពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក ប្រសិនបើវានៅតែបន្តកើតមានលើសពីប្រាំបីសប្តាហ៍។
- អ្នកជំនាញនិយាយថា ការធ្វើលំហាត់ប្រាណ និងចូលរួមក្នុងសកម្មភាពខួរក្បាល ដូចជាការដោះស្រាយល្បែងផ្គុំរូប និងការលេងវីដេអូហ្គេម អាចជួយឱ្យឆាប់ជាសះស្បើយ។
អ្នកគ្រប់គ្រងគម្រោងម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី លោកស្រី Dianne Watts បានភ្លេចរបៀបប្រកបអក្ខរាវិរុទ្ធពីរបីពាក្យ ហើយមិនអាចចងចាំដំណើរការអាជីវកម្មមួយចំនួនបានទេ បន្ទាប់ពីលោកស្រីត្រលប់ទៅធ្វើការវិញក្រោយកើតកូវីដ។
លោកស្រី Watts ប្រាប់ SBS ថា "ខ្ញុំត្រូវការនរណាម្នាក់អង្គុយជាមួយខ្ញុំ ហើយណែនាំខ្ញុំអំពីដំណើរការការងារម្តងទៀត" ។
លោកស្រី Watts បានឆ្លងមេរោគកូវីដ១៩ នៅក្នុងខែមិថុនា ហើយជឿជាក់ថា លោកស្រីប្រហែលជាបានវិវត្តន៍ទៅរកជំងឺកូវីដ១៩រ៉ាំរ៉ៃ (Long Covid) ដែលជាធម្មតាកើតឡើងក្នុងអំឡុងពេលបីខែនៃការឆ្លង។
ក្រសួងសុខាភិបាលរដ្ឋញូសៅវ៉ែល(NSW Health) និយាយថា មិនមានការធ្វើតេស្តរក Long COVID ឬក៏កូវីដរ៉ាំរ៉ៃនេះទេ តែទោះជាយ៉ាងណាក៏ដោយ ការធ្វើរោគវិនិច្ឆ័យវាមានន័យថា គ្រូពេទ្យត្រូវតែច្រានចោលលក្ខខណ្ឌផ្សេងទៀតដែលមានរោគសញ្ញាស្រដៀងគ្នា។
ស្ថានភាពជំងឺកូវីដរ៉ាំរ៉ៃឬ លក្ខខណ្ឌក្រោយកើតកូវីដ ជាទូទៅរួមមាន ខួរក្បាលស្រអាប់ មានបញ្ហាក្នុងការចងចាំ ការផ្តោតអារម្មណ៍ មានបញ្ហាក្នុងការគេង ពិបាកនិយាយ ធ្លាក់ទឹកចិត្ត ឬការថប់បារម្ភ និងអស់កម្លាំងខ្លាំង។
លក្ខខណ្ឌផ្សេងទៀតគឺ ដង្ហើមខ្លី ឬពិបាកដកដង្ហើម ក្អកជាប់រហូត ឈឺទ្រូង ឈឺសាច់ដុំ បាត់បង់ក្លិន ឬរសជាតិ និងគ្រុនក្តៅ។
ស្វែងរកគ្លីនីកជំងឺកូវីដរ៉ាំរ៉ៃនៅទីនេះ៖
តើអ័ព្ទកូវីដ(COVID fog)ជាអ្វី?
"អ័ព្ទកូវីដ" ឬ"COVID fog" មិនមែនជាពាក្យវេជ្ជសាស្រ្តទេ ប៉ុន្តែជាទូទៅត្រូវបានប្រើដើម្បីពិពណ៌នាអំពីបញ្ហានៃការយល់ដឹង ដូចជា ពិបាកក្នុងការគិត ការផ្តោតអារម្មណ៍ និងបញ្ហាការចងចាំ បន្ទាប់ពីឆ្លងជំងឺកូវីដរួច។
នាយកដ្ឋានសុខាភិបាល និងការថែទាំមនុស្សចាស់ មិនមានស្ថិតិសម្រាប់ករណីជំងឺ "អ័ព្ទកូវីដ" ឬ"COVID fog"នេះ នៅក្នុងប្រទេសអូស្ត្រាលីទេ។
ប៉ុន្តែយោងទៅតាមសាស្ត្រាចារ្យរង និងជានាយកនៃគ្លីនិកកូវីដរ៉ាំរ៉ៃ នៅមន្ទីរពេទ្យ St Vincent's ក្នុងទីក្រុងស៊ីដនី លោកSteven Fauxថា៖ វាជារឿងធម្មតាក្នុងចំណោមមនុស្សដែលមានជំងឺ កូវីដរ៉ាំរ៉ៃ ឬ Long COVID។
ប្រហែល 10 ទៅ 25 ភាគរយ នៃអ្នកជំងឺដែលចូលមកក្នុងគ្លីនិកនេះរាយការណ៍ថាមានអ័ព្ទកូវីដ ។ ចំនួននឹងកើនឡើងខ្ពស់ជាងនេះ ប្រសិនបើយើងសួរអ្នកជំងឺអំពីភាពលំបាកក្នុងការយល់ដឹងនៃខួរក្បាល។
ការធ្វើរោគវិនិច្ឆ័យ"អ័ព្ទកូវីដ" ឬ"COVID fog"
វេជ្ជបណ្ឌិត Sonu Bhaskar ដែលជាគ្រូពេទ្យ និងអ្នកជំនាញផ្នែកសរសៃប្រសាទ ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី និយាយថា ការធ្វើរោគវិនិច្ឆ័យរក"COVID fog"អាចជាបញ្ហាប្រឈម ដោយសារវាជា "បទពិសោធន៍របស់មនុស្សម្នាក់ៗដែលមានអារម្មណ៍ស្រពិចស្រពិល ឬពិបាកក្នុងការផ្តោតអារម្មណ៍ បន្ទាប់ពីបានជាសះស្បើយពី COVID-19"។
វេជ្ជបណ្ឌិត Bhaskar មានប្រសាសន៍ថា "មួយចំណែកនៃអ្នករស់រានមានជីវិតពី COVID-19 អាចជួបប្រទះនឹងបញ្ហាសរសៃប្រសាទ និងការយល់ដឹងយូរអង្វែង" ។
សាស្ត្រាចារ្យ Faux និយាយថា ការធ្វើរោគវិនិច្ឆ័យនៃអ័ព្ទកូវីដ មិនអាចកំណត់ត្រឹមកត្តាមួយបានទេ ខណៈដែលការថប់បារម្ភ និងអស់កម្លាំងខ្លាំង ក៏ប៉ះពាល់ដល់ការគិតក្នុងការយល់ដឹងផងដែរ។
លោកនិយាយថា "យើងត្រូវមើលបរិបទនេះនៅពេលប្រឈមជាមួយអ័ព្ទកូវីដ" ។
សាស្រ្តាចារ្យ Faux ជឿថា អ្នកដែលធ្វើការនៅក្នុងការងារដែលមានតម្រូវការខ្ពស់ ដូចជាផ្នែកច្បាប់ និងផ្នែកថែទាំសុខភាព ហើយអ្នកដែលត្រូវការបញ្ចូលព័ត៌មានជាច្រើនហាក់ដូចជា បានរងផលប៉ះពាល់កាន់តែច្រើនដោយស្ថានភាពនេះ។
"អ័ព្ទកូវីដអាចចាត់ទុកថាធ្ងន់ធ្ងរសម្រាប់វិជ្ជាជីវៈទាំងនោះ ដែលការបាត់បង់ការផ្តោតអារម្មណ៍តិចតួច មិនអាចទទួលយកបាន"។
ប្រសិនបើអ្នកមាន"អ័ព្ទកូវីដ" ឬ"COVID fog" តើអ្នកត្រូវធ្វើដូចម្តេច?
ក្នុងករណីភាគច្រើន "អ័ព្ទកូវីដ" ឬ"COVID fog"គឺកើតឡើងជាបណ្តោះអាសន្ន ហើយវានឹងបាត់ទៅវិញដោយខ្លួនឯង។
"ជាដំបូង ចូរកុំភ័យស្លន់ស្លោ។ វាមិនទំនងជាកើតឡើងជាអចិន្ត្រៃយ៍ទេ។ ទុកពេលឱ្យខ្លួនឯង" នេះបើតាមការធានាអះអាងរបស់សាស្រ្តាចារ្យ Faux ។
ការដោះស្រាយបញ្ហាដែលពាក់ព័ន្ធដូចជាការថប់បារម្ភ ឬជំងឺធ្លាក់ទឹកចិត្ត អាចជួយធ្វើឲ្យអ័ព្ទកូវីដប្រសើរឡើងបាន។
សាស្រ្តាចារ្យ Faux ណែនាំឱ្យពួកគេនិយាយជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់ពួកគេ ឬគ្រូពេទ្យ ប្រសិនបើពួកគេនៅតែបន្តមានរោគសញ្ញារយៈពេលប្រាំបីសប្តាហ៍បន្ទាប់ពីការឆ្លងរបស់ពួកគេ។
មនុស្សភាគច្រើនអាចគ្រប់គ្រងវានៅផ្ទះដោយការដាក់កំណត់ខ្លួនឯង។ ប៉ុន្តែកុំហាត់ប្រាណខ្លាំងពេក។ គ្រាន់តែបន្ថយល្បឿន ហើយធ្វើលំហាត់ខ្សោយៗខ្លះ។
លោកវេជ្ជបណ្ឌិត Bhaskar បន្ថែមថា ការចូលរួមក្នុងកិច្ចការដែលពាក់ព័ន្ធនឹងសកម្មភាពខួរក្បាល ដូចជាការលេងវីដេអូហ្គេម ក៏អាចជួយបានផងដែរ។
លោកស្រី Watts មិនបានទៅជួបគ្រូពេទ្យសម្រាប់បញ្ហាខួរក្បាលស្រអាប់របស់លោកស្រីទេ ប៉ុន្តែបានតាមដានរោគសញ្ញារបស់លោកស្រីជាប់ជានិច្ច ដើម្បីធានាថា លោកស្រីបានប្រសើរឡើង។
លោកស្រីនិយាយថា៖ «ខ្ញុំបានត្រឡប់ទៅជាសកម្មវិញបន្តិចម្តងៗតាមកម្រិតកំណត់របស់ខ្ញុំ ហើយតែងតែទទួលអាហារដែលមានសុខភាពល្អ»។
លោកស្រី Watts បានរំលឹកថា "បួនសប្តាហ៍ក្រោយមក បន្ទាប់ពីការឆ្លង ខួរក្បាលស្រអាប់នោះក៏បានស្រឡះឡើងវិញ"។
Experts believe people high-demanding jobs could be more affected by COVID fog. Credit: Hinterhaus Productions/Getty Images
ចាំបាច់ត្រូវមានការស្រាវជ្រាវបន្ថែម
ការស្រាវជ្រាវបន្ថែមគឺត្រូវការជាចាំបាច់ដើម្បីវាស់ស្ទង់ផលប៉ះពាល់ច្បាស់លាស់នៃ COVID-19 លើប្រព័ន្ធរាងកាយផ្សេងៗ រួមទាំងប្រព័ន្ធសរសៃប្រសាទផងដែរ។
ប៉ុន្តែការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយនៅក្នុង Lancet Psychiatry បានបង្ហាញថា មនុស្សមួយចំនួននៅតែប្រឈមមុខនឹងហានិភ័យខ្ពស់ សម្រាប់ស្ថានភាពសរសៃប្រសាទ និងផ្លូវចិត្ត រួមទាំងអ័ព្ទក្នុងខួរក្បាល ជំងឺវង្វេង និងរោគចិត្ត សូម្បីតែពីរឆ្នាំបន្ទាប់ពីការឆ្លងកូវីដ-19 របស់ពួកគេ។
លើសពីនេះ ការស្រាវជ្រាវដែលដឹកនាំដោយសាកលវិទ្យាល័យ La Trobe ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុង Nature Communication បានបង្ហាញពីរោគសញ្ញាប្រព័ន្ធប្រសាទដែលឃើញពីការឆ្លងជំងឺកូវីដ-១៩ គឺស្រដៀងគ្នាទៅនឹងជំងឺជរាភ្លេចភ្លាំង (Alzheimer) និងជំងឺវង្វេង(Dementia )។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកដឹកនាំការស្រាវជ្រាវ លោកវេជ្ជបណ្ឌិត Nick Reynolds ប្រាប់ SBS ថា ថ្នាំដែលត្រូវបានបង្កើតឡើងដើម្បីព្យាបាលជំងឺភ្លេចភ្លាំង និងជំងឺវង្វេង អាចត្រូវបានគេប្រើប្រាស់ ដើម្បីព្យាបាលរោគសញ្ញាប្រព័ន្ធប្រសាទបន្ទាប់ពីការឆ្លងមេរោគកូវីដ នាពេលអនាគត។
SBS ប្តេជ្ញាផ្តល់ព័ត៌មានថ្មីៗអំពី COVID-19 ដល់សហគមន៍ពហុវប្បធម៌ និងពហុភាសារបស់ប្រទេសអូស្ត្រាលី។ រក្សាសុវត្ថិភាព និងទទួលបានព័ត៌មានថ្មីៗដោយចូលទៅកាន់ទំព័រ ជាទៀងទាត់ ជាមួយនឹងព័ត៌មានចុងក្រោយបំផុតជាភាសារបស់អ្នក៕